ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥

Jimin និង Jungkook បញ្ចប់ភារកិច្ចយោធាជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

១១ មិថុនា ២០២៥ | កម្សាន្ដ

សមាជិកក្រុម K-pop BTS Jimin និង Jungkook ត្រូវបានរំសាយចេញពីយោធាកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ខណៈពួកគេគឺជាសមាជិកទី ៥ និងទី ៦ ដែលបានបញ្ចប់កាតព្វកិច្ចយោធា។

 


ទោះបីមានការប្រកាសហាមឃាត់ជាមុន តែអ្នកគាំទ្ររាប់រយនាក់បានប្រមូលផ្ដុំដើម្បីចាំទទួលស្វាគមន៍ការវិលត្រលប់របស់សមាជិក BTS Jimin និង Jungkook ដែលបានបញ្ចប់កាតព្វកិច្ចយោធារបស់ពួកគេជាផ្លូវការនៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ។

 

 

នៅជិតមូលដ្ឋានយោធាក្នុងតំបន់ Yeoncheon ភាគខាងជើងប្រទេសកូរ៉េ អ្នកគាំទ្រខ្លះបានធ្វើដំណើរឆ្លងទ្វីបមានទាំងមកពីប្រទេសប្រេស៊ីល និងព័រទុយហ្គាល់ ដើម្បីចាំទទួលតារាចម្រៀងទាំងពីររូប។

 


សមាជិក Jimin បាននិយាយថា៖ "ខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់អ្នកគាំទ្រគ្រប់គ្នា ដែលរង់ចាំពួកយើងតាំងពីពេលកូវីដ រហូតបញ្ចប់កាតព្វកិច្ចជាតិ។ ឥឡូវនេះ ពួកយើងត្រូវបានរំសាយចេញពីយោធាហើយ ពួកយើងអាចបន្តគូររូបភាពអនាគត ដែលពួកយើងតែងស្រមៃរួមគ្នាបានហើយ"។

 

 

លោកបានបន្ថែមថា៖ "នេះជាលើកទីមួយរបស់ខ្ញុំដែលបានបម្រើការយោធា ហើយនិយាយដោយស្មោះ វាមិនមែនជាកន្លែងងាយស្រួលនោះទេ។ ប្រសិនបើអ្នកបានជួបទាហាន សូមនិយាយពាក្យល្អៗទៅកាន់ពួកគេផង"។

 


គួររំឭកថា Jimin និង Jungkook បានចុះឈ្មោះចូលបម្រើការជាទាហានសកម្មក្នុងខែធ្នូ ឆ្នាំ ២០២៣ និងបានបម្រើការនៅក្នុងកងពលតូចកាំភ្លើងធំទី ៥ របស់កងទ័ពនៅ Yeoncheon ។

 


ក្រុមចម្រៀងដែលមានសមាជិក ៧ នាក់មួយនេះបានផ្អាកសកម្មភាពក្រុមរបស់ពួកគេនៅឆ្នាំ ២០២២ ដើម្បីចាប់ផ្តើមកាតព្វកិច្ចចូលបម្រើយោធារបស់ពួកគេ ដោយចាប់ផ្តើមពីសមាជិក Jin ក្នុងខែធ្នូឆ្នាំនោះ។

 


មុននេះមួយថ្ងៃ គឺកាលពីថ្ងៃអង្គារ សមាជិក RM និង V ក៏ត្រូវបានរំសាយចេញពីជួរទ័ពហើយដែរ ខណៈសមាជិកចុងក្រោយគឺ Suga នឹងត្រូវបញ្ចប់កាតព្វកិច្ចរបស់ខ្លួន នៅថ្ងៃទី ២១ ខែមិថុនា ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025