ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥
តារាសម្ដែងអាមេរិក Angelina Jolie នឹងប្រារព្ធខួបកំណើតគម្រប់ ៥០ ឆ្នាំនៅថ្ងៃទី៤ ខែមិថុនានេះហើយ ខណៈនៅតែសកម្មទាំងការងារផ្នែកសិល្បៈក៏ដូចជាការងារផ្នែកមនុស្សធម៌។តារាសម្តែងល្បីឈ្មោះអាមេរិកដែលមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយកម្ពុជា គឺអ្នកស្រី Angelina Jolie បានឈានចូលវ័យ ៥០ ឆ្នាំហើយនៅថ្ងៃពុធទី ៤ ខែមិថុនានេះ។
កើតនៅទីក្រុង Los Angeles ក្នុងឆ្នាំ ១៩៧៥ អ្នកស្រី Jolie បានប្រឡូកសិល្បៈតាំងពីវ័យកុមារ ដោយបានបង្ហាញមុខដំបូងក្នុងខ្សែភាពយន្តឆ្នាំ១៩៨២ មានចំណងជើងថា "Lookin' to Get Out" ជាមួយឪពុករបស់អ្នកស្រីគឺតារាសម្ដែង Jon Voight (ចន វ៉យ)។
បន្ទាប់ពីលេចមុខក្នុងខ្សែភាពយន្តចំណាយទុនតិចបានមួយចំនួន នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ Angelina Jolie ក៏ទទួលបានជោគជ័យធំដំបូងតាមរយៈការសម្ដែងក្នុងភាពយន្តទូរទស្សន៍ឆ្នាំ ១៩៩៨ មានចំណងជើងថា "Gia" ដែលធ្វើឱ្យអ្នកស្រីបានឈ្នះពានរង្វាន់ Golden Globe លើកដំបូង។ ភាពយន្តខ្នាតធំជោគជ័យដំបូងរបស់អ្នកស្រីគឺរឿង "Girl, Interrupted" ក្នុងឆ្នាំ១៩៩៩ ដែលធ្វើឱ្យអ្នកស្រីទទួលបានពានរង្វាន់ Oscar ដំបូងនៅឆ្នាំបន្ទាប់។
ទោះយ៉ាងណា ភាពល្បីល្បាញលំដាប់សកលរបស់អ្នកស្រីបានចាប់ផ្ដើមនៅឆ្នាំ២០០១ នៅពេលបង្ហាញខ្លួនក្នុងភាពយន្តថតតាមវីដេអូហ្គេម “Lara Croft: Tomb Raider”។ ភាពយន្តនេះក៏ជាចំណុចចាប់ផ្ដើមនៃទំនាក់ទំនងរបស់អ្នកស្រីជាមួយប្រទេសកម្ពុជាផងដែរ ដោយបន្ទាប់ពីបានមកថតរឿង Lara Croft នៅតំបន់ប្រាសាទបុរាណកម្ពុជា អ្នកស្រីក៏បានទទួលចិញ្ចឹមកូនខ្មែរមួយរូបឈ្មោះ Maddox ជាកូនដំបូងរបស់ខ្លួន។
រយៈពេលជាង២ទសវត្សរ៍កន្លងមក Angelina Jolie បានបន្តបង្ហាញស្នាដៃជាមួយគម្រោងភាពយន្តចម្រុះប្រភេទដូចជាភាពយន្ត "Changeling" ដែលធ្វើឱ្យអ្នកស្រីទទួលបានពានរង្វាន់អូស្ការម្ដងទៀត និងភាពយន្តបែបព្រេងនិទានរឿង "Maleficent" របស់ Disney។ គម្រោងថ្មីៗរបស់អ្នកស្រីរួមមានខ្សែភាពយន្ត Marvel "Eternals" និងភាពយន្ត "Maria" ដែលនាំឱ្យអ្នកស្រីទទួលបានការកោតសរសើរម្ដងទៀតតាមរយៈការសម្ដែងជាតារាចំរៀងអូប៉េរ៉ា Maria Callas បានល្អឥតខ្ចោះ។
ជីវិតអាពាហ៍ពិពាហ៍របស់អ្នកស្រីជាមួយអតីតស្វាមីគឺតារាសម្ដែង Brad Pitt បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកទាំងពីរបានចាប់ផ្តើមទាក់ទងគ្នាកំលុងពេលថតរឿង "Mr. and Mrs. Smith" ក្នុងឆ្នាំ២០០៥។ នៅឆ្នាំ ២០១៤ អ្នកទាំងពីរបានរៀបការ ប៉ុន្តែពីរឆ្នាំក្រោយមកក៏បានប្ដឹងលែងលះគ្នាវិញ។ ប្ដីប្រពន្ធមួយគូនេះមានកូន ៦នាក់ ក្នុងនោះ៣នាក់ជាកូនចិញ្ចឹម និង ៣ នាក់ជាកូនបង្កើត។
Angelina Jolie ក៏ត្រូវបានគេស្គាល់សម្រាប់ការងារមនុស្សធម៌ដ៏មានឥទ្ធិពលផងដែរ ខណៈអ្នកស្រីតែងតែតស៊ូមតិសម្រាប់ការអប់រំ និងសិទ្ធិជនភៀសខ្លួន។ ក្នុងតំណែងជាបេសកជនពិសេសសម្រាប់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន អ្នកស្រី Jolie បានទៅទស្សនាតំបន់ដែលរងផលប៉ះពាល់ដោយសង្គ្រាម និងតំបន់គ្រោះមហន្តរាយមួយចំនួនដូចជា អាហ្វហ្គានីស្ថាន ស្រីលង្កា ប៉ាគីស្ថាន និងហៃទី។ អ្នកស្រីបានលាលែងពីតំណែងខាងលើនៅឆ្នាំ ២០២២ ប៉ុន្តែនៅតែបន្តយុទ្ធនាការសម្រាប់ជនភៀសខ្លួនដដែល។
លើសពីការងារពីមុខកាមេរ៉ា អ្នកស្រី Jolie ក៏បានវិវត្តខ្លួនក្លាយជាផលិតករភាពយន្តដ៏សកម្មមួយរូបដែរ។ គិតមកដល់បច្ចុប្បន្នអ្នកស្រីបានដឹកនាំភាពយន្តបានចំនួន ៤ ដោយក្នុងនោះភាពយន្តបែបសង្គ្រាម ៣ រឿងដូចជាភាពយន្តសង្គ្រាមបូស្នៀ "In the Land of Blood and Honey" ភាពយន្តសង្គ្រាមលោកលើកទី ២ "Unbroken" និងភាពយន្តសង្គ្រាមខ្មែរក្រហម “First They Killed My Father” ៕
ប្រែសម្រួល៖ វ៉ាន់ថន