ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥

ភរិយា Justin Bieber លក់ប្រេនគ្រឿងសម្អាង Rhode បាន១ពាន់លានដុល្លារ

៣០ ឧសភា ២០២៥ | កម្សាន្ដ

 

ភរិយាតារាចម្រៀងកាណាដា Justin Bieber គឺតារាម៉ូដែល Hailey Bieber បានលក់ប្រេនគ្រឿងសម្អាងរបស់ខ្លួនមានឈ្មោះថា Rhode ក្នុងកិច្ចសន្យាដែលមានតម្លៃសរុប ១ ពាន់លានដុល្លារ។

 


ម៉ាកគ្រឿងសម្អាង និងផលិតផលថែរក្សាស្បែករបស់តារាម៉ូដែល Hailey Bieber (ហ៊េលី ប៊ីប៊ើ)មានឈ្មោះថា Rhode (រ៉ូដ) កំពុងត្រូវបានក្រុមហ៊ុន ELF Beauty ទិញយកក្នុងតម្លៃប្រហែល ១ ពាន់លានដុល្លារ បន្ទាប់ពីទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមយុវវ័យ Gen Z និងអ្នកវ័យកណ្ដាល។

 


ក្រុមហ៊ុន ELF បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែឧសភាថា ខ្លួននឹងបង់ប្រាក់ឱ្យម្ចាស់ភាគហ៊ុន Rhode ចំនួន ៨០០ លានដុល្លារដែលគិតរួមទាំងសាច់ប្រាក់ និងភាគហ៊ុនសម្រាប់ដំណាក់កាលដំបូង ព្រមជាមួយប្រាក់បន្ថែមចំនួន ២០០ លានដុល្លារទៀត ដែលនឹងត្រូវបង់នៅពេលក្រោយដោយផ្អែកតាមចំណូល និងលក្ខខណ្ឌផ្សេងៗក្នុងកិច្ចសន្យា។

 


សម្រាប់ ELF កិច្ចព្រមព្រៀងនេះនឹងបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្រ្ត និងពង្រីកចូលទៅក្នុងទីផ្សារផលិតផលសម្រស់ដែលមានតម្លៃខ្ពស់ ខណៈកន្លងមកក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលផ្តល់ជូននូវផលិតផលមានតម្លៃទាបរហូតដល់ ២ ដុល្លារ នៅតាមហាងលក់រាយនានារបស់សហរដ្ឋអាមេរិករួមមាន Walmart, Ulta Beauty និង Target។

 


បន្ទាប់ពីកិច្ចព្រមព្រៀងនេះ Hailey Bieber នឹងនៅបន្តតួនាទីជាស្ថាបនិក និងជា "ទីប្រឹក្សាយុទ្ធសាស្ត្រ" ខណៈប្រតិបត្តិការនេះត្រូវបានគេរំពឹងថាបញ្ចប់ជាស្ថាពរនៅត្រីមាសទីពីរឆ្នាំ២០២៦។

 


ខណៈកំពុងប្រឈមការធ្លាក់ចុះនៃតម្រូវការពីអតិថិជនដែលកំពុងរងសម្ពាធដូចគ្នាដោយសារអតិផរណាកើនឡើងខ្ពស់ ក្រុមហ៊ុន ELF អាចទទួលបានប្រាក់ចំណូលប្រហែល ២១២ លានដុល្លារពីការលក់សម្រាប់ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ហើយក៏គ្រោងនឹងចាប់ផ្តើមដាក់លក់នៅហាង Sephora ទូទាំងសហរដ្ឋអាមេរិក និងកាណាដានៅរដូវស្លឹកឈើជ្រុះនេះ មុននឹងបន្តពង្រីកទៅកាន់ចក្រភពអង់គ្លេស។

 


កិច្ចព្រមព្រៀងជាមួយ Rhode ត្រូវបានចាត់ទុកថាជាការទិញខ្នាតធំបំផុតរបស់ ELF បន្ទាប់ពីការទិញយកក្រុមហ៊ុនថែរក្សាស្បែក Natrium ក្នុងតម្លៃ ៣៥៥ លានដុល្លារក្នុងឆ្នាំ ២០២៣ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025