ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ក្រុមចម្រៀងបុរស Seventeen បានក្លាយជាសិល្បករខេប៉ុបដែលអាចរកចំណូលពីការប្រគំតន្ត្រីទេសចរណ៍ពិភពលោកបានច្រើនជាងគេដើមឆ្នាំ២០២៥នេះ ជាមួយចំណូលពីការលក់សំបុត្ររហូតដល់ 120 លានដុល្លារ។
ក្រុមចម្រៀងបុរស K-pop Seventeen បានឈរនៅចំណាត់ថ្នាក់លេខ 3 នៅក្នុងរបាយការណ៍ការប្រគំតន្ត្រីទេសចរណ៍រកចំណូលបានខ្ពស់បំផុតលើពិភពលោកសម្រាប់ឆមាសទីមួយឆ្នាំ2025 របស់ Billboard ដោយអាចរកចំណូលបាន 120.9 លានដុល្លារ។
ចេញផ្សាយកាលពីថ្ងៃទី29 ខែឧសភា របាយការណ៍របស់ Billboard បង្ហាញថា Seventeen អាចលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រី "Right Here" បានចំនួន 842,000 (ប្រាំបីសែនបួនម៉ឺនពីរពាន់) សន្លឹកសម្រាប់ការសម្ដែងចំនួន 30 ឆាក។ ប្រាក់ចំណូលសម្រាប់ការប្រគំតន្ត្រីទាំងអស់ក្នុងរបាយការណ៍នេះត្រូវបានរាប់ចាប់ពីថ្ងៃទី 1 ខែតុលា ឆ្នាំ 2024 ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2025។
ដោយឡែកចំណាត់ថ្នាក់លេខមួយក្នុងបញ្ជី គឺបានទៅលើក្រុមចម្រៀងអង់គ្លេស Coldplay ដែលអាចរកចំណូលបានសរុប 142.1 លានដុល្លារ ពីការសម្ដែងចំនួន 20 ឆាក ខណៈចំណាត់ថ្នាក់លេខពីរគឺតារាចម្រៀងស្រីកូឡុំប៊ី Shakira ដែលរកចំណូលបាន 130 លានដុល្លារពីការសម្ដែងចំនួន 21 ឆាក។
គួរបញ្ជាក់ថា ប្រាក់ចំណូលសរុបរបស់ Seventeen បានកើនឡើងជិតពីរដង បើប្រៀបធៀបនឹងចំនួន 67.5 លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ធៀបនឹងសិល្បករខេប៉ុប ពួកគេគឺជាសិល្បករចម្រៀងដែលរកចំណូលបានច្រើនជាងគេក្នុងបញ្ជីពាក់កណ្ដាលឆ្នាំនេះ ខណៈតារាខេប៉ុបដែលអាចរកចំណូលបានច្រើនបន្ទាប់មានដូចជា
- ក្រុម Ateez ជាប់លេខពីរជាមួយចំណូលសរុប 28.4 លានដុល្លារ។
- J-Hope ក្រុម BTS ជាប់លេខបីជាមួយចំណូលសរុប 28.1 លានដុល្លារ។
- ក្រុម Enhypen ជាប់លេខបួនជាមួយចំណូលសរុប 25.6 លានដុល្លារ។
- និងក្រុម TXT ជាប់លេខប្រាំជាមួយចំណូលសរុប 25.1 លានដុល្លារ ៕
ប្រែសម្រួល៖ វ៉ាន់ថន