ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥

សរុបវត្តមានតារាល្បីៗអន្តរជាតិលើកម្រាលព្រំមហោស្រពកាន ២ ថ្ងៃដំបូង

១៦ ឧសភា ២០២៥ | កម្សាន្ដ

 

 

តារាល្បីៗជុំវិញពិភពលោកបានបង្ហាញវត្តមានយ៉ាងស្រស់ស្អាតលើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍មហោស្រពភាពយន្តលំដាប់ពិភពលោក Canne Film Festival ដែលកំពុងប្រារព្ធឡើងសម្រាប់ឆ្នាំទី៧៨ នៅប្រទេសបារាំង។

 

 

 

កម្មវិធីមហោស្រពភាពយន្តអន្តរជាតិទីក្រុងកានបានដំណើរការដល់ថ្ងៃទីបីហើយនៅថ្ងៃទី១៦ ខែឧសភានេះ ខណៈកម្មវិធី២ថ្ងៃកន្លងទៅគឺបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងវត្តមានតារាភាពយន្តចម្រុះជាតិសាសន៍លើកម្រាលព្រំក្រហម។

 

 

ជាក់ស្ដែងថ្ងៃដំបូងនៃកម្មវិធីគឺកាលពីថ្ងៃទី១៤ ខែឧសភា ក៏មានការចូលរួមពីសំណាក់តារាសម្ដែង Tom Cruise និងមិត្តរួមក្រុមរបស់លោកក្នុងខ្សែភាពយន្ត 'Mission: Impossible វគ្គ The Final Reckoning' ដែលត្រូវបានសម្ពោធបញ្ចាំងលើកដំបូងក្នុងកំឡុងកម្មវិធីមហោស្រពនេះ។

 

 

សិល្បករល្បីៗផ្សេងទៀតជាច្រើនដែលបានបង្ហាញវត្តមាន​ក៏ដូចជាមកចូលរួមផ្សព្វផ្សាយស្នាដៃរបស់ខ្លួនក្នុងកម្មវិធីដែររួមមានតួឯកស្រីភាពយន្ត “Avatar” គឺតារាសម្ដែង Zoe Saldana (ហ្សូអ៊ី សាល់ដាណា) តារាសម្ដែងអាមេរិក Eva Longoria (អ៊ីវ៉ា លីហ្គោរៀ) និង តារាសម្ដែងរុស្ស៊ី Irina Shayk (អាយរីណា ស្ហេក) តារាម៉ូដែលអាមេរិក Heidi Klum (ហាយឌី ឃ្លូម) តារាម៉ូដែលប្រេស៊ីល Alessandra Ambrosio (អាលេសានដ្រា អេមប្រូស៊ីអូ) ព្រមទាំងតារាសម្ដែងល្បីថៃគឺ Chompoo Araya។

 

 

ឈានចូលថ្ងៃទី២ ក៏មានវត្តមានរបស់តារាល្បីៗជាច្រើនទៀតដូចជាតារាសម្ដែងស្រីអាល្លឺម៉ង់ Diane Kruger (ដាយអេន គ្រូហ្គឺ) ក្រុមតារាសម្ដែងភាពយន្តសង្គ្រាមជប៉ុន “A Pale View of Hills" តារាសម្ដែងអាមេរិក Andie MacDowell (អេនឌី ម៉េកដោវេល) តារាម៉ូដែលប្រេស៊ីល Luma Grothe (លូម៉ា ក្រូស) ព្រមទាំងតារាស្រីថៃពីររូបទៀតគឺ Nychaa និង Becky។

 

 

មានរយៈពេលចំនួន ១១ថ្ងៃ កម្មវិធីមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាននឹងបន្តដំណើរការរហូតដល់ថ្ងៃទី២៤ ខែឧសភា ហើយនឹងបិទបញ្ចប់ជាមួយកម្មវិធីប្រកាសពានរង្វាន់សម្រាប់ភាពយន្តជាប់ជយលាភីនៅថ្ងៃចុងក្រោយ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025