ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
មនុស្សប្រមាណ 2.5 លាននាក់បានចូលរួមទស្សនាការប្រគំតន្ត្រីរបស់តារាចម្រៀង Lady Gaga ក្នុងប្រទេសប្រេស៊ីល ធ្វើឱ្យការប្រគំតន្ត្រីនេះក្លាយជាការប្រគំតន្ត្រីរបស់តារាចម្រៀងស្រីដែលមានការចូលរួមទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។
តារាចម្រៀងប៉ុបអាមេរិក Lady Gaga បានបន្តបង្កើតប្រវត្តិសាស្ត្រក្នុងវិស័យតន្ត្រីម្ដងទៀតជាមួយនឹងការប្រគំតន្ត្រីដើម្បផ្សព្វផ្សាយអាល់ប៊ុមចុងក្រោយរបស់ខ្លួនមានចំណងជើងថា “MAYHEM” ដែលអនុញ្ញាតឱ្យមហាជនចូលទស្សនាដោយឥតគិតថ្លៃ នៅឯតំបន់ឆ្នេរសមុទ្រ Copacabana ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Variety ការប្រគំតន្ត្រីដែលធ្វើឡើងកាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅនេះបានទាក់ទាញអ្នកទស្សនាជាង 2.5 លាននាក់ និងបានបំបែកកំណត់ត្រាការប្រគំតន្ត្រីរបស់សិល្បករស្រីដែលមានអ្នកទស្សនាច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។ អ្នកកាន់កាប់កំណត់ត្រានេះមុន Lady Gaga គឺតារាជើងចាស់ Madonna ដែលបានសម្ដែងនៅទីក្រុងមាត់សមុទ្រមួយនេះដូចគ្នា ជាមួយអ្នកចូលរួមទស្សនាខ្ទង់ 1.6 លាននាក់។
គួរបញ្ជាក់ថា ការប្រគំតន្ត្រីរបស់ Lady Gaga លើកនេះ បានបង្ហាញ Show ពិសេសៗដូចក្នុងការសម្ដែងរបស់នាងលើឆាក Coachella កាលពីខែមេសាកន្លងទៅដែរ ប៉ុន្តែអ្វីដែលពិសេសនោះ គឺនាងបានផ្លាស់ប្តូរសំលៀកបំពាក់ថ្មីចំនួន២ឈុតជាឈុតបែបពណ៌ទង់ជាតិរបស់ប្រទេសប្រេស៊ីល ដោយមានទាំងរ៉ូបពណ៌បៃតងសម្រាប់បទចម្រៀង Abracadabra និងអាវពណ៌លឿងសម្រាប់បទចម្រៀង Zombieboy និង How Bad Do U Want Me។ នៅខាងក្រោមឆាក ក៏មានអ្នកគាំទ្រជាច្រើនបានតុបតែងខ្លួនប្លែកៗតាមស្ទីលរបស់តារាចម្រៀងរូបនេះដែរ។
ទទួលបានឧបត្ថម្ភដោយក្រុមហ៊ុនឯកជន ការប្រគំតន្ត្រីរបស់ Lady Gaga លើកនេះត្រូវបានរដ្ឋបាលទីក្រុង Rio បានប៉ាន់ប្រមាណថាអាចនឹងបញ្ចូលទឹកប្រាក់ជាង ១០០ លានដុល្លារអាមេរិក ទៅក្នុងសេដ្ឋកិច្ចរបស់ទីក្រុងនេះ។
បន្ទាប់ពីការប្រគុំតន្ត្រីនៅប្រទេសប្រេស៊ីល តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះគ្រោងនឹងបន្តការសម្ដែងនៅប្រទេសសិង្ហបុរីចំនួន ៤ ថ្ងៃនៅពាក់កណ្តាលខែឧសភានេះ មុនពេលចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោក The Mayhem Ball ក្នុងខែកក្កដា ៕
ប្រែសម្រួល៖ វ៉ាន់ថន