ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
តារាចម្រៀងនិងសម្ដែងកូរ៉េ IU គ្រោងនឹងធ្វើការវិលត្រលប់មកឆាកតន្ត្រីវិញក្នុងក្នុងខែឧសភានេះ ដោយតារាសម្ដែង Cha Eun-woo នឹងបង្ហាញមុខក្នុងវីដេអូចម្រៀងថ្មីរបស់នាង។
ផលិតកម្ម EDAM Entertainment បានប្រកាសនៅថ្ងៃច័ន្ទ ទី១២ ខែឧសភានេះ ថាស្រីស្អាត IU កំពុងរៀបចំសម្រាប់ការវិលត្រលប់ជាមួយអាល់ប៊ុមចម្រៀងថ្មីនៅក្នុងខែឧសភានេះ ហើយក្នុងនោះដែរ សមាជិកក្រុម ASTRO, Cha Eun-woo នឹងបង្ហាញខ្លួនជាតួឯកប្រុសក្នុង MV ថ្មីរបស់នាង។
ដំណឹងនេះបានបង្កការចាប់អារម្មណ៍ ក៏ដូចជាការរំភើបចិត្តជាខ្លាំងសម្រាប់អ្នកគាំទ្ររបស់ IU ខណៈអាល់ប៊ុមថ្មីនេះនឹងជាការចេញស្នាដៃចម្រៀងថ្មីលើកដំបូងរបស់នាងក្រោយរយៈពេល ១៥ ខែគិតចាប់តាំងពីអាល់ប៊ុមមុនមានចំណងជើងថា "The Winning" បានចេញផ្សាយក្នុងខែកុម្ភៈ ឆ្នាំ ២០២៤។
វីដេអួចម្រៀងថ្មីរបស់ IU ដែលមានការចូលរួមសម្ដែងពីសំណាក់ Cha Eun Woo នឹងជាការបង្ហាញមុខរួមគ្នាលើកទី២ របស់តារាប្រុសស្រីដ៏ល្បីទាំងពីររូបនេះបន្ទាប់ពីពួកគេធ្លាប់ថតរួមគ្នាលើកដំបូងកាលពីដើមឆ្នាំនៅក្នុងពាណិជ្ជកម្មគ្រឿងអលង្ការមួយ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ តារាស្រី IU ក៏សកម្មច្រើនផងដែរក្នុងការងារសម្ដែង។ ជាក់ស្ដែងថ្មីៗនេះនាងទើបតែបញ្ចប់រឿងភាគខ្នាតធំរបស់ Netflix មានចំណងជើងថា “When Life Gives You Tangerines” ហើយក៏គ្រោងនឹងបង្ហាញមុខក្នុងរឿងភាគថ្មីមួយទៀតរបស់ប៉ុស្តិ៍ MBC មានចំណងជើងថា "The 21st Century Grand Prince's Wife" ដោយចាប់ដៃគូជាមួយតារាសម្តែងប្រុស Byeon Woo-seok។
ដោយឡែកតារាប្រុស Cha Eun-woo ថ្មីៗនេះក៏មមាញឹកជាមួយគម្រោងការងារជាច្រើនដែរ ដោយបច្ចុប្បន្នលោកកំពុងថតរឿងភាគថ្មីរបស់ Netflix មានចំណងជើងថា “The Wonder Fools” និងកំពុងហាត់សមសម្រាប់ការប្រគំតន្ត្រីលើកទី៤ របស់ក្រុម ASTRO ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុង Incheon ប្រទេសកូរ៉េ ក្នុងខែមិថុនាខាងមុខនេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន