ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥
អាជីវករលក់ជ្រូកខ្វៃ២រូប នៅផ្សារអូឬស្សី និងនៅម្តុំផ្លូវ២០០៤ បានលើកឡើងថា តម្លៃជ្រូករស់មានការកើនបន្តិចនៅឆ្នាំនេះ ចំណែកការលក់ជ្រូកខ្វៃ ក៏ហាក់មានសន្ទុះកើនឡើងជាងឆ្នាំទៅផងដែរ ជាពិសេសអតិថិជនពេញនិយមសម្រាប់ជ្រូកកណ្តុរខ្វៃ និងជ្រូកខ្វៃធម្មតា។ ជ្រូកខ្វៃ គឺជាសំណែនក៏សំខាន់ ដែលកូនខ្មែរកាត់សែស្រឡាយចិន តែងតែនិយមយកមកសែន នៅតាមគេហដ្ឋាន ស្ថាប័ន និងក្រុមហ៊ុនផ្សេងៗ ដោយពួកគេមានជំនឿថា ការសែនជ្រូកខ្វៃនៅថ្ងៃសែនចូលឆ្នាំចិន នឹងអាចនាំមកសំណាង លាភជ័យ និងសម្រេចជោគជ័យរាល់កិច្ចការ និងការរកស៊ីមានបាន ដល់គ្រួសារនីមួយៗ។
នៅតាមដងផ្លូវខ្លះ និងនៅតាមផ្សារមួយចំនួន ជាពិសេសនៅផ្សារអូឫស្សីជាដើមនោះ គេឃើញមាន ជ្រូកខ្វៃជាច្រើនត្រូវបានព្យួរ នៅតាមតូបនីមួយៗ សម្រាប់លក់បំពេញតម្រូវការសែនរបស់បងប្អូនប្រជាពលរដ្ឋ ខណៈនៅឆ្នាំនេះ អ្នកប្រកបរបរលក់ជ្រូកខ្វៃ បានលើកឡើងពីតម្លៃជ្រូករស់ហាក់កើនឡើងជាងឆ្នាំ២០២៤ ខណៈដែលការជាវទិញក៏មានសន្ទុះកើនជាងឆ្នាំទៅផងដែរ។
អ្នកស្រី ជូ ស្រីណា ជាអ្នកប្រកបមុខរបរលក់ជ្រូកខ្វៃ មានបទពិសោធន៍រយៈពេល ៥ឆ្នាំមកហើយ បានឲ្យក្រុមការងារសេដ្ឋកិច្ច ភីអិនអិន ដឹងថា សម្រាប់ជ្រូកដែលអ្នកស្រីយកមកខ្វៃ គឺបានប្រមូលទិញពីកសិដ្ឋាននៅក្នុងស្រុក ដែលភាគច្រើនមកពីរតនគិរី ក្រចេះ បន្ទាយមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និងសៀមរាប ជាដើម។ ហើយការផ្គត់ផ្គង់ជ្រូកខ្វៃរបស់អ្នកស្រី មិនមានថមថយនោះទេ ប៉ុន្តែតម្លៃជ្រូករស់នៅក្នុងឆ្នាំនេះហាក់មានការកើនឡើងបន្តិច។ ក្នុងនោះ សម្រាប់ការផ្គត់ផ្គង់ជាប្រចាំ ថ្ងៃខ្លះអាចលក់បានដល់ទៅ ២០ ក្បាលឯណ្ណោះ។
អ្នកស្រី ស្រីណា បានបន្ថែមថា បច្ចុប្បន្ននេះអតិថិជនមានការពេញនិយមបរិភោគច្រើនទៅលើជ្រូកកណ្តុរខ្វៃ ចំណែកការសែនវិញគេច្រើនជ្រើសរើសយកជ្រូកខ្វៃធម្មតា។ លើសពីនេះ ចំណូលដែលទទួលបានពីការលក់ជ្រូកខ្វៃ អាចផ្គត់ផ្គង់ទៅដល់គ្រួសាររបស់អ្នកស្រីបានដល់ទៅ ៥០% ជាក់ស្តែង នៅថ្ងៃចូលឆ្នាំចិន អ្នកស្រីអាចរកចំណូលបានចន្លោះ ២-៣ ម៉ឺនដុល្លារ។
ចំណែក លោកស្រី ស្រេង ហ៊ាង បានលើកឡើងថា លោកស្រីប្រកបមុខរបរមួយនេះ អស់រយៈពេល ៣០ឆ្នាំមកហើយ។ ជាធម្មតាមុនពិធីបុណ្យធំៗ ជិតចូលមកដល់ លោកស្រី ត្រូវត្រៀមជ្រូកសម្រាប់ខ្វៃប្រមាណ ៣០០ក្បាលឱ្យបានមុន ដើម្បីផ្គត់ផ្កង់ទៅអតិថិជនឱ្យបានទាន់ពេលវេលា និងគ្រប់គ្រាន់សម្រាប់អតិថិជនរបស់លោកស្រី។ តែប្រសិនជាថ្ងៃធម្មតា លោកស្រីអាចលក់ចេញអស់ត្រឹមចន្លោះ ៧-៨ ក្បាលក្នុង ១ថ្ងៃ។
លោកស្រី ស្រេង ហ៊ាង បានបន្ថែមថា សម្រាប់ឆ្នាំនេះ លោកស្រី បានសង្កេតឃើញថា ស្ថិតក្នុងស្ថានភាពនេះ បើទោះបីជាមានការថមថយចំនួនអ្នកដើរផ្សារនៅថ្ងៃធម្មតា ឬថ្ងៃបុណ្យទានយ៉ាងណាក៏ដោយ ប៉ុន្តែអាជីវករមួយចំនួនហាក់នៅតែបន្តលក់បានជាហូរហែ ដោយអតិថិជនខ្លះបញ្ជាទិញតាមរយៈអនឡាយ ឬមកយកដល់កន្លែងផ្ទាល់។
សូមជម្រាបថា បើគិតត្រឹមខែមករា ឆ្នាំ២០២៥ ការលក់ជ្រូកខ្វៃរបស់ក្រុមអាជីវករនៅផ្សារអូរឬស្សី មានចំនួនកើនឡើងសរុបជិត ១ម៉ឺនក្បាល បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ខុសគ្នា ១គុណនឹង៣ បើទោះជាតម្លៃមានការកើនឡើងតិចតួចយ៉ាងណាក៏ដោយ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ អ៊ិន អាត