ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥

កម្ពុជា ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចមកត្រឹម ៥% សម្រាប់ឆ្នាំ ២០២៥

២៨ សីហា ២០២៥ | សេដ្ឋកិច្ច

 

នៅក្នុងរបាយការណ៍ចុងក្រោយបំផុតមួយរបស់ ក្រសួងសេដ្ឋកិច្ច បានធ្វើការព្យាករថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៥ អាចសម្រេចបានកំណើនក្នុងអត្រា ៥% ទាបជាងការព្យាករពីមុន ដែលរំពឹងសម្រេចបាន ៦,៣%។

 

 

ក្នុងរបាយការណ៍លទ្ធផលនៃការអនុវត្តថវិកាឆមាសទី ១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា មុនពេលការដាក់ពន្ធគយបដិការរបស់អាមេរិក និងការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើន ៦,៣% គាំទ្រដោយ៖ ១. ការបន្តចលនការរឹងមាំនៃវិស័យបម្រើដល់ការនាំចេញ( ទាំងវិស័យកម្មន្តសាលកាត់ដេរ និងមិនមែនកាត់ដេរ), ២. វិស័យទេសចរណ៍នៅបន្តនិន្នាការកើនឡើង និង ៣. វិស័យកសិកម្មក៏នៅបន្តរក្សាបានស្ថិរភាពនៃកំណើន។

 


យ៉ាងណាមិញ ក្នុងអំឡុងខែមេសា ឆ្នាំ២០២៥ កន្លងទៅ ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ បានរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥ នឹងថមថយមកក្នុងរង្វង់ ៥,២% ដោយសារការរំពឹងទុកបច្ច័យអវិជ្ជមាននៃ ការអនុវត្តពន្ធគយបដិការមកលើ វិស័យបម្រើការនាំចេញ។

 


លុះឈានចូលមកដល់ពាក់កណ្តាលឆ្នាំនេះ ស្ថានការណ៍បានប្រែប្រួលក្នុងទិសដៅអវិជ្ជមានជាងការរំពឹងទុក ដែលរួមមាន ការអនុវត្តពន្ធគយបដិការក្នុងអត្រា ៣៦%(បច្ចុប្បន្នបញ្ចុះមកនៅត្រឹម ១៩%) និងការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ដែលអាចនឹងបន្តសបន្លាយរហូតដល់ដំណាច់ឆ្នាំ។

 


របាយការណ៍បញ្ជាក់ថា ក្រោមមូលដ្ឋានសម្មតិកម្ម និងសូចនាករម៉ាក្រូសេដ្ឋកិច្ច គិតត្រឹម ៦ខែដើមឆ្នាំ ២០២៥ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តថមថយមកត្រឹមអត្រាត្រឹមតែ ៥% ហើយការថយថយនេះ គឺដោយសារមួយផ្នែករងផលប៉ះពាល់នៃ ការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ បានបង្អាក់សកម្មភាពផលិតកម្មដែលពឹងផ្អែកលើការដឹកជញ្ជូនវត្ថុធាតុដើម និង/ឬការនាំចេញ ព្រមទាំងរំហូរទេសចរ ជាពិសេសទេសចរអន្តរជាតិដែលឆ្លងកាត់ច្រកព្រំដែនគោក និងមួយផ្នែកទៀតដោយសារការអនុវត្តពន្ធគយបដិការក្នុងអត្រា ៣៦% (បច្ចុប្បន្ននៅត្រឹម ១៩%) ដែលត្រូវបានកំណត់ថា នឹងចាប់អនុវត្តពីខែសីហា ឆ្នាំ២០២៥ តទៅ ដែលនឹងមានផលជះជាអវិជ្ជមានដល់ ការបញ្ជាទិញពីទីផ្សារសហរដ្ឋអាមេរិក ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥។

 


ការអនុវត្តពន្ធគយបដិការរបស់អាមេរិក នឹងបង្អាក់កំណើនវិស័យសំខាន់ៗ ដែលគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា រួមមាន ផលិតផលកាត់ដែរ និងកម្មន្តសាលមិនមែនកាត់ដែរ (គ្រឿងសង្ហារិម សំបកកង់ និងគ្រឿងបង្គុំអេឡិចត្រូនិក) ទៅកាន់ទីផ្សារអាមេរិក។

 


បើតាមការវាយតម្លៃឡើងវិញរបស់ក្រសួងសេដ្ឋកិច្ច កំណើនតាមវិស័យសេដ្ឋកិច្ចសំខាន់ៗ មានការប្រែប្រួលដូចជា៖ ១. វិស័យឧស្សាហកម្ម៖ ត្រូវបានវាយតម្លៃថា នឹងមានកំណើនក្នុងរង្វង់ ៧,១% គឺថមថយជាងការរំពឹងទុកបន្តិច ដោយសារការថមថយចលនការនៃកំណើនអនុវិស័យកាត់ដេរ និងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់ បន្តងើបវិញក្នុងល្បឿនយឺត។ 
២. វិស័យសេវាកម្ម៖ មានកំណើនថមថយក្នុងអត្រា ៣,៨% ដោយសារការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ដែលធ្វើឱ្យប៉ះពាល់ដល់អនុវិស័យគាំទ្រដូចជា បដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ(ទេសចរណ៍) និងសេវាគាំទ្រផ្សេងៗទៀត ទន្ទឹមនឹងការថមថយក្នុងការដឹកជញ្ជូន ដែលមួយផ្នែកជាបច្ច័យពីការបិទខ្ទប់ព្រំដែនគោក និងមួយផ្នែកទៀតបណ្តាលមកពី ការដាក់ពន្ធបដិការពីសហរដ្ឋអាមេរិក។
៣. វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថា នឹងរក្សាបានស្ថិរភាពកំណើនក្នុងអត្រា ០,៩% ដែលបន្តគាំទ្រដោយអនុវិស័យដំណាំ និងនេសាទ ស្របពេលដែលអនុវិស័យចិញ្ចឹមសត្វរំពឹងថា នឹងងើបឡើងវិញសន្សឹមៗ។
គួរបញ្ជាក់ផងដែរថា អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ២០២៥ ត្រូវបានព្យាករថា នឹងអាចស្ថិតក្នុងរង្វង់ ៣% ដោយសារការបន្តងើបនៃសកម្មភាពចាយវាយក្នុងស្រុក និងមូលដ្ឋានទាបនៃឆ្នាំ ២០២៤៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025