ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥

ជិះក្បូនឆ្លងជ្រលងជ្រោះក្លាយជាសកម្មភាពទេសចរណ៍ពេញនិយមនៅ ចិន

២៨ សីហា ២០២៥ | កម្សាន្ដ

 

កម្មវិធីជិះក្បូនឆ្លងជ្រលងជ្រោះនៅតំបន់រមណីយដ្ឋានទីក្រុង Yichang បានទាក់ទាញអ្នកទេសចរជាង ៣៥ ម៉ឺននាក់ ពោលគឺកើនឡើង ៣០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

 


ការជិះក្បូនបណ្ដែតតាមជ្រលងជ្រោះប្រវែង ៦.៥ គីឡូម៉ែត្រក្នុងទីក្រុង Yichang ខេត្ត Hubei ភាគកណ្តាលប្រទេសចិន បានបង្ហាញពីបទពិសោធន៍ដែលលាយឡំភាពរំភើបរីករាយជាមួយនឹងដំណើរកម្សាន្តដ៏ត្រជាក់ស្រស់ស្រាយក្នុងរដូវក្តៅ ខណៈទាក់ទាញអ្នកមកកម្សាន្តរាប់សែននាក់ និងជំរុញវ័យទេសចរណ៍ក្នុងតំបន់បានយ៉ាងគួរឱ្យកត់សម្គាល់។

 


ចាប់តាំងពីបើកដំណើរការនៅខែមេសាឆ្នាំនេះ កម្មវិធីជិះក្បូនឆ្លងជ្រលងជ្រោះនៅតំបន់រមណីយដ្ឋាន Chaotianhou ក្នុងទីក្រុង Yichang បានទាក់ទាញអ្នកទេសចរជាង ៣៥ ម៉ឺននាក់ ពោលគឺកើនឡើង ៣០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

 


កញ្ញា Song Huiwen ជាភ្ញៀវទេសចរមួយរូបបាននិយាយថា ទេសភាពទីនេះពិតជាស្រស់ស្អាតណាស់ ថែមទាំងផ្ដល់បទពិសោធន៍ដ៏គួរឱ្យរំភើប ដែលពិតជាសមតម្លៃសម្រាប់ការធ្វើដំណើរកម្សាន្ត។

 


បទពិសោធន៍ជិះក្បូនតាមជ្រលងភ្នំ បានបង្កើនជម្រើសសម្រាប់អ្នកទេសចរ និងបង្កើនភាពសប្បាយរីករាយជារួមសម្រាប់ដំណើរកម្សាន្តរបស់ពួកគេ។ លើសពីនេះ ដើម្បីឱ្យភ្ញៀវទេសចរបន្តការស្នាក់នៅកាន់តែយូរ រមណីយដ្ឋាននេះក៏បានណែនាំកម្មវិធីជិះក្បូនពេលយប់ផងដែរ។ ចូលដល់ពេលល្ងាច នៅតាមដងព្រែកត្រូវបានបំភ្លឺដោយអំពូលភ្លឺចែងចាំង អនុញ្ញាតឱ្យភ្ញៀវទេសចរទទួលបានការកម្សាន្តមួយបែបទៀតនៅលើផ្ទៃទឹកបន្ទាប់ពីថ្ងៃលិច។

 


លោក Shen Xueyong ជាអ្នកគ្រប់គ្រងទូទៅនៅរមណីយដ្ឋាន Chaotianhou បាននិយាយថា បន្ទាប់ពីជិះក្បូនកាត់ជ្រលងជ្រោះ និងល្អាងភ្នំនៅពេលថ្ងៃ ការជិះក្បូនពេលយប់ចាប់ផ្តើមពីម៉ោង ៧ ដល់ម៉ោង ៨ ។ ការដាក់ឱ្យប្រើប្រាស់កម្មវិធីជិះក្បូនថ្មីនេះ មិនត្រឹមតែពង្រីករយៈពេលស្នាក់នៅរបស់អ្នកទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញការចំណាយរបស់ពួកគេបានទៀតផង ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025