ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
ក្នុងរយៈពេល ៧ខែ ឆ្នាំ ២០២៥នេះ មហាអំណាចសេដ្ឋកិច្ចចិន បានទាក់ទាញលំហូរនិយោគផ្ទាល់ពីបរទេសប្រមាណ ៦៥ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុនវិនិយោគ ៣ម៉ឺន ៦ពាន់ស្ថាប័ន ដែលបានកើនឡើង ១៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ CCTV នៅថ្ងៃនេះ។
បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ក្រុមហ៊ុនវិនិយោគបរទេសថ្មីជាង ៣ម៉ឺន ៦ពាន់ស្ថាប័ន ត្រូវបានបង្កើតឡើង ក្នុងអំឡុងខែមករា ដល់ ខែកក្កដា កើនឡើងប្រមាណជាង ១៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន បើគិតជាទឹកប្រាក់វិនិយោគសរុបគឺប្រមាណ ៦៥ពាន់លានដុល្លារអាមេរិក។ការវិនិយោគក្នុងវិស័យផលិតកម្ម ឈានដល់ ១៧ពាន់លានដុល្លារ ខណៈដែលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ទាក់ទាញបាន ១៩ពាន់លានដុល្លារ។
ជាមួយគ្នានេះ ការវិនិយោគនៅក្នុងវិស័យសេវាកម្មបានទាក់ទាញ ៤៧ពាន់លានដុល្លារ ជាមួយនឹងសេវាកម្ម e-commerce បានកត់ត្រាកំណើន ១៤៦%។ក្រសួងពាណិជ្ជកម្មចិន បន្តថា ការវិនិយោគពីប្រទេសសមាជិកអាស៊ាន បានកើនឡើង ១% ហើយការវិនិយោគពីប្រទេសស្វីស ជប៉ុន អង់គ្លេស អាល្លឺម៉ង់ និងកូរ៉េខាងត្បូង បានកើនឡើងខ្ពស់ដូចគ្នា ក្នុងអំឡុងពេលនេះ។
យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មចិន បានបន្ថែមថា ប្រទេសចិន នឹងចាត់វិធានការជាក់ស្តែង ដើម្បីពង្រីកការបើកចំហទីផ្សារបន្ថែមទៀត ដើម្បីទាក់ទាញនិងប្រើប្រាស់មូលធនបរទេស។
សូមជម្រាបថា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួង នឹងប្រកាន់ខ្ជាប់នូវ គោលការណ៍រក្សាស្ថិរភាព ខណៈពេលដែលកំពុងស្វែងរកវឌ្ឍនភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ថិរភាព បង្កើន និងលើកកំពស់គុណភាពនៃការវិនិយោគបរទេស៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ