ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
តារាចម្រៀង Dua Lipa និងសិល្បករអង់គ្លេសរាប់រយនាក់បានចុះហត្ថលេខាលើលិខិតមួយដើម្បីអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអង់គ្លេសដោះស្រាយចន្លោះប្រហោងក្នុងច្បាប់ដើម្បីការពារសិល្បករពីបញ្ញាសិប្បនិម្មិត (AI) ។
តារាចម្រៀង និងអ្នកនិពន្ធរាប់រយនាក់រួមទាំងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គភាពសិល្បៈជាច្រើនបានចុះហត្ថលេខាលើលិខិតមួយដើម្បីអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ដោះស្រាយចន្លោះប្រហោងក្នុងច្បាប់ដើម្បីការពារសិល្បករពីបញ្ញាសិប្បនិម្មិត (AI) ។
សិល្បកររួមមានតារាចម្រៀង Elton John, Dua Lipa, Jessie Ware, Kazuo Ishiguro, Tom Stoppard និងតារាជាច្រើនទៀត បានចុះហត្ថលេខាលើលិខិតដែលមានការចូលរួមផងដែរពីសំណាក់ក្រុមអ្នករចនាម៉ូដ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ រួមទាំងកាសែតធំៗរបស់អង់គ្លេស។
លិខិតនេះដែរត្រូវបានចេញផ្សាយដោយអ្នកស្រី Beeban Kidron ដែលជាអ្នកដឹកនាំក្នុងយុទ្ធនាការការពារច្បាប់រក្សាសិទ្ធិពី AI និងមានចំណងជើងថា "ក្រុមអ្នកបង្កើតស្នាដៃ និងអ្នកដឹកនាំក្នុងវិស័យសិល្បៈសូមជំរុញឱ្យនាយករដ្ឋមន្ត្រីគាំទ្រការច្នៃប្រឌិត និងកំណើនសេដ្ឋកិច្ចរបស់អង់គ្លេសដោយការអនុវត្តច្បាប់រក្សាសិទ្ធិ"។
ក្នុងនោះពួកគេបានអំពាវនាវឱ្យលោក Starmer គាំទ្រវិសោធនកម្មលើច្បាប់ប្រើប្រាស់ទិន្នន័យ ដើម្បីធានាថាក្រុមហ៊ុនអភិវឌ្ឍន៍ AI ទាំងឡាយមានតម្លាភាពជាមួយម្ចាស់កម្មសិទ្ធិបញ្ញាពាក់ព័ន្ធការប្រើប្រាស់ស្នាដៃរបស់ពួកគេដើម្បីបណ្តុះបណ្តាល AI ។
លិខិតនេះត្រូវបានចេញផ្សាយបន្ទាប់ពីមានការតវ៉ាបែបស្ងប់ស្ងាត់កាលខែកុម្ភៈ នៅពេលដែលតារាចម្រៀងនិងតន្ត្រីករជាង ១០០០ នាក់ បានតវ៉ាប្រឆាំងនឹងការផ្លាស់ប្តូរចំពោះច្បាប់រក្សាសិទ្ធិរបស់ចក្រភពអង់គ្លេស ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាប្រើប្រាស់ស្នាដៃឬការងាររបស់ពួកគេដើម្បីបណ្តុះបណ្តាល AI។
គួររំឭកថា ដោយសារតែចង់ឱ្យចក្រភពអង់គ្លេសក្លាយជាមហាអំណាច AI នាយករដ្ឋមន្ត្រី Keir Starmer បានស្នើច្បាប់បន្ធូរបន្ថយ ដែលអាចនាំឱ្យអ្នកបង្កើតស្នាដៃអក្សរសាស្ត្រ ល្ខោន តន្ត្រី និងសិល្បៈ បាត់បង់សិទ្ធិគ្រប់គ្រងស្នាដៃរបស់ពួកគេ ស្របពេលអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ AI មានសិទ្ធិចូលប្រើប្រាស់ស្នាដៃទាំងនោះដោយស្របច្បាប់ ៕
ប្រែសម្រួល៖ វ៉ាន់ថន