ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
ភាពយន្តចិនមានចំណងជើងថា “Resurrection” ដែលជាស្នាដៃថ្មីរបស់អ្នកដឹកនាំរឿង Bi Gan បានទទួលការចាប់អារម្មណ៍ខ្លាំងខណៈត្រូវបានបញ្ចាំងលើកដំបូងនិងមានឈ្មោះប្រកួតប្រជែងពានរង្វាន់ធំនៅមហោស្រពភាពយន្តទីក្រុងកាន។
តារាសម្ដែងចិន Jackson Lee និង Shu Qi រួមជាមួយអ្នកដឹកនាំរឿង លោក Bi Gan បានបង្ហាញវត្តមាននៅមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន កាលពីថ្ងៃទី២២ ខែឧសភា សម្រាប់ការបញ្ចាំងលើកដំបូងនៃភាពយន្តថ្មីរបស់ពួកគេមានចំណងជើងថា “Resurrection”។
សម្តែងដោយ Jackson Lee និង Shu Qi ខ្សែភាពយន្តនេះនឹងនាំអ្នកទស្សនាទៅកាន់ពិភពក្នុងក្ដីស្រមៃមួយ ដែលឆ្លងកាត់ប្រវត្តិសាស្រ្តរយៈពេល ១០០ ឆ្នាំរបស់ប្រទេសចិន។
"Resurrection" គឺជាភាពយន្តចំណងជើងចុងក្រោយដែលត្រូវបានប្រកាសថាជាបេក្ខភាពប្រកួតប្រជែងពានរង្វាន់ធំរបស់មហោស្រពកានឆ្នាំនេះ ហើយភាពយន្តនេះដែរគឺជាស្នាដៃទី៣ ហើយរបស់អ្នកដឹកនាំ Bi Gan ដែលត្រូវបានជ្រើសរើសចូលរួមក្នុងមហោស្រពភាពយន្តល្បីបំផុតរបស់ពិភពលោកមួយនេះ។
ស្នាដៃដំបូងរបស់លោកដែលត្រូវបានជ្រើសរើសគឺភាពយន្តបែបចិត្តសាស្ត្រមានចំណងជើងថា “Long Day’s Journey Into Night” ដែលត្រូវបានជ្រើសរើសជាបេក្ខភាពប្រកួតប្រជែងពានរង្វាន់ "Un Certain regard" ក្នុងឆ្នាំ២០១៨ ខណៈស្នាដៃទី២គឺភាពយន្តបែបអភិនីហារ “A Short Story” ត្រូវបានជ្រើសរើសជាបេក្ខភាពប្រកួតប្រជែងពានរង្វាន់ធំ Palme d'Or ក្នុងឆ្នាំ២០២២។
ចំណែកភាពយន្ត "Resurrection" គឺជាបេក្ខភាពមួយក្នុងចំណោមខ្សែភាពយន្តចំនួន ២២ ដែលត្រូវប្រកួតប្រជែងគ្នាសម្រាប់ពានរង្វាន់ Palme d'Or ឆ្នាំនេះដែលអ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា ដែលជាថ្ងៃបិទកម្មវិធី ៕
ប្រែសម្រួល៖ វ៉ាន់ថន