ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥

កសិករដាំទុរេន មានការព្រួយបារម្ភពីលំហូរទុរេននាំចូលពីប្រទេសជិតខាង

២៤ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

ទុរេន គឺជាដំណាំមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ដែលទាមទារបច្ចេកទេសដាំ តាក់តែងមែក ការកំណត់ចំនួនផ្លែក្នុងដើមនីមួយៗតាមអាយុកាល ការផ្តល់ជី ទឹក និងការមើលថែរក្សាការពារជំងឺ និងសត្វល្អិតចង្រៃ ដោយត្រូវយកចិត្តទុកដាក់ប្រាកដប្រជាទើបទទួលបានទិន្នផលខ្ពស់។ ជាក់ស្តែង បច្ចុប្បន្នទីផ្សារទុរេននៅកម្ពុជា ក៏កំពុងមានតម្រូវការខ្ពស់ បើទោះជាមានតម្លៃថ្លៃបន្តិចក្តី ខណៈតម្លៃគឺស្របតាមដំណាំដែលពិបាកដាំដុះ និងថែទាំ ប្រសិនបើការដាំដុះពុំមានបច្ចេកទេសត្រឹមត្រូវ ការទទួលផលពីដំណាំនេះ ក៏មិនសមប្រកបនោះដែរ។

 


លោក ប៊ុន នាង ជាកសិករដំាដុះដំណាំទុរេន នៅខេត្តបាត់ដំបង បានលើកឡើងថា ម្ចាស់ចំការទុរេនទាំងអស់ក្នុងស្រុក ចាប់ផ្តើមប្រមូលផលទុរេនជាបណ្តើរៗ ហើយម្ចាស់ចំការក៏មានការព្រួយបារម្ភទៅលើលំហូរទុរេននាំចូលពីប្រទេសជិតខាង តែការព្រួយបារម្ភនេះ មិនមែនជារឿងថ្មីដែលកើនឡើងនៅពេលថ្មីៗនេះទេ តែផ្ទុយទៅវិញកត្តានេះ តែងតែមានការកើតឡើងស្ទើរតែគ្រប់រដូវកាល នៃការហូរចូលទុរេនពីបណ្តាប្រទេសជិតខាងមកកម្ពុជា។ 

 


លោក ប៊ុន នាង បន្តថា ម្ចាស់ចំការទុរេនទាំងអស់ទទួលបានការលើកទឹកចិត្កពីប្រជាពលរដ្ឋ ដោយសង្កេតឃើញថា អ្នកទទួលទានទុរេនក្នុងស្រុក គិតពីបញ្ហាសុវត្ថិភាពជាចម្បង។ ដូច្នេះ ប្រជាពលរដ្ឋនៅតែនិយម និងគាំទ្រទុរេនក្នុងស្រុកដែលជាហេតុធ្វើឲ្យម្ចាស់ចំការ មិនមានការប្រឈមខ្ពស់ក្នុងការពិបាកលក់ ឬការពិបាករកទីផ្សារ និងមិនមានការប្រកួតប្រជែងតម្លៃជាមួយទុរេនដែលនាំចូល ខណៈប្រជាពលរដ្ឋខ្មែរមានការយល់ដឹងច្រើន ថែមទាំងផ្តល់តម្លៃដល់អ្នកផលិតក្នុងស្រុក គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ។ 

 


បន្ថែមពីលើនេះ លោក ប៊ុន នាង ជាកសិករដំាដុះដំណាំទុរេន នៅខេត្តបាត់ដំបង គូសបញ្ជាក់ថា លោកមានបទពិសោធន៍ ១០ឆ្នាំជាមួយដំណាំទុរេន ដាំបែបលក្ខណៈបុរាណដែលប្រជាពលរដ្ឋខ្មែរនិយមទទួលទាន ជាងការដាំដុះបែបសម័យថ្មី។ លើសពីនេះ ដំណាំទុរេននៅឆ្នាំនេះ មានតម្លៃដូចឆ្នាំមុន ចំនែកចំនួនដើមទុរេនដែលត្រូវផុចផលដល់ម្ចាស់ចំការគ្រប់តំបន់ មានចំនួនកើនឡើងប្រមាណ ៣០% រីឯ ចំនួនអ្នកដាំដុះថ្មីមានប្រមាណ ១០-២០% បើធៀបទៅនឹងឆ្នាំមុន។ 

 


ចំណែក លោក ហេង បញ្ញា ជាកសិករដំាដុះដំណាំទុរេន នៅខេត្តរតនគិរី បានឲ្យក្រុមការងារសេដ្ឋកិច្ចភីអិនអិន ដឹងថា ក្នុងនាមលោកជាកសិករមួយរូប មានបទពិសោធន៍យូរឆ្នាំមកហើយ ដាំទុរេននៅខេត្តរតនគិរី លោក បានបង្ហាញពីការព្រួយបារម្ភទៅលើអ្នកលក់ទុរេននាំចូលមួយចំនួន ដោយឆ្លើយប្រាប់អ្នកទិញថា ទុរេនមេមត់ ទុរេនរតនគិរី កំពត កំពង់ចាម ជាដើមនោះ តែតាមការពិតជាទុរេននាំចូលពីវៀតណាម ឬថៃ វាក៏អាចជាក្តីព្រួយបារម្ភខ្លាំងផងដែរ ដែលពួគគាត់លក់ទុរេននាំចូលដែលមិនមានគុណភាព អាចនឹងធ្វើឲ្យមានការប៉ះពាល់ដល់ទីផ្សារទុរេនក្នុងស្រុក។

 


ក្នុងនោះ កសិករដាំទុរេននៅខេត្តរតនគិរីរូបនេះ បានបន្តថា សម្រាប់ទុរេនដាំនៅឆ្នាំនេះ មិនជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រប់ឡើយ បើធៀបទៅនឹងឆ្នាំមុន។ ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្នកំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើន បានគាំទ្រទៅលើគុណភាព ការដាំលក្ខណៈបុរាណ និងមានសុវត្ថិភាព មិនប្រើគីមី។ ម៉្យាងទៀត តម្លៃទុរេនក្នុងស្រុក គឺខ្ពស់ជាងទុរេននាំចូល និងមិនសូវមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់។ ដូច្នេះ កសិករអាចរកប្រាក់ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេន ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ។


គួររំលឹកថា រឿងទុរេនមានជាតិគីមីនាំចូលពីប្រទេសវៀតណាម បានក្លាយជាប្រធានបទក្តៅ បន្ទាប់ពីមានសេចក្តីរាយការណ៍ដែលចិនហាមឃាត់ទុរេនមានជាតិគីមីពីប្រទេសវៀតណាម មិនអោយចូលប្រទេសចិន។ ជាមួយគ្នានេះ បើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះថា មន្ត្រីគយទាំងអស់ត្រូវតែចាត់វិធានការ តាមដានទប់ស្កាត់ការនាំចូលទុរេនដោយខុសច្បាប់ តាមច្រករបៀងអោយបានម៉ឺងម៉ាត់ ចំពោះការនាំចូលទុរេនដែលមានជាតិគីមី និងប៉ះពាល់ដល់សុខភាពរបស់ប្រជាជនកម្ពុជា។


ទន្ទឹមនឹងនឹងនេះ ដំណាំទុរេន ប្រសិនបើកសិករដាំជាទ្រង់ទ្រាយធំ ឬច្រើនគ្រួសារដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិ។ ទោះបីជាដំណាំនេះ ទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគច្រើន និងទាមទារការអនុវត្តបច្ចេសទេសត្រឹមត្រូវ ជាមួយនឹងការថែទាំយ៉ាងដិតដល់ទើបទទួលបានជោគជ័យ។ ដោយបានពិនិត្យឃើញ ដំណាំទុរេនកំពុងតែមានសក្តានុពលទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងត្រៀមរៀបចំដាក់ចេញនូវគោលនយោបាយ បង្កើតស្ថានីយបង្កាត់ និងផលិតពូជទុរេន និងដំណាំហូបផ្លែដែលពេញនិយម សម្រាប់ផ្គត់ផ្គង់ដល់កសិករ ដើម្បីងាយស្រួលដាក់លក់នៅលើផ្សារក្នុង និងក្រៅប្រទេស។


សូមបញ្ជាក់ថា ផ្លែទុរេនស្រស់របស់កម្ពុជា ត្រូវបានភាគីគយចិន បើកភ្លើងខៀវឱ្យនាំចូលទីផ្សារចិន ក្រោមការគោរពតាមលក្ខខណ្ឌ និងភូតគាមអនាម័យ មុនឈានដល់ការនាំចេញជាផ្លូវការទៅចិន អ្នកដាំ និងក្រុមហ៊ុននាំចេញត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់ទៅអគ្គនាយកដ្ឋានកសិកម្ម។ ក្រោយទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្រ្តីជំនាញចុះណែនាំ និងវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេស ដូចមានកំណត់ក្នុងពិធីសារ រួចនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីគយចិន ដើម្បីគយចិន ចុះមកពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ៕
 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ អ៊ិន អាត និងឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025