ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥

ក្រុមហ៊ុនអាកាសចរណ៍កាតា ជំរុញការតភ្ជាប់ជើងហោះហើរត្រង់មកកាន់ ប្រទេសកម្ពុជា

២១ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

ក្រុមហ៊ុនអាកាសចរណ៍កាតា កំពុងជំរុញ ការតភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន ជាពិសេសផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា។ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Boru Tilahun Ejetta អ្នកគ្រប់គ្រងតំបន់ឥណ្ឌូចិនក្រុមហ៊ុនអាកាសចរណ៍កាតា អំពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា ជាមួយក្រុមហ៊ុនអាកាសចរណ៍កាតា ការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-កាតា។

 


ជាមួយគ្នានេះ ភាគីទំាំង ២ ក៏បានពិភាក្សាលើ កិច្ចសហប្រតិបត្តិការលើ ការផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកិច្ចសហការក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា តាមរយៈសម្ភារៈផ្សព្វផ្សាយទេសចរណ៍លើយន្តហោះ មានដូចជា ទស្សនាវដ្ដី និងបណ្ណផ្នត់ និងផ្សព្វផ្សាយវីដេអូទេសចរណ៍ក្នុងជើងហោះហើរផងដែរ។

 


ជាលទ្ធផល ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ពិសេសនៅខេត្តសៀមរាប ដើម្បីជំរុញលំហូរភ្ញៀវរវាងប្រទេសទាំង ២ និងភ្ញៀវមកពីប្រទេសទី ៣។

 

 

លើសពីនេះ ក្រុមហ៊ុន នឹងសហការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា អំឡុងពេលរដូវកាលបៃតង (Green Season) និងការតភ្ជាប់ជើងហោះហើរទៅកាន់ តំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដោយបង្កើតកម្មវិធីប្រម៉ូសិនបញ្ចុះតម្លៃជើងហោះហើរចូលមកកម្ពុជា និងសហការផលិតវីឌីអូខ្លីៗ អំពីរដូវកាលបៃតងនៅកម្ពុជា ក៏ដូចជាគោលដៅទេសចរណ៍ Muslim Friendly ផ្សព្វផ្សាយក្នុង Page ឬ Channel របស់ក្រុមហ៊ុនផងដែរ។

 


សូមរម្លឹកផងដែរថា នៅក្នុងឆ្នាំ ២០២៥នេះ កម្ពុជា រំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧,២លាន ទៅ ៧,៥លាននាក់ ខណៈវិស័យទេសចរណ៍កម្ពុជា ក្នុងឆ្នាំ ២០២៤កន្លងទៅ មានភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជា កើនឡើងជាងដល់ ៦លាន ៧សែននាក់ កើន ២២% ធៀបនឹងឆ្នាំ ២០២៣ និងរកចំណូលបានជាង ៣ពាន់ ៦រយលានដុល្លារអាម៉េរិក កើនឡើង ១៧%៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025