ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥

សហរដ្ឋអាម៉េរិកនឹងពិចារណាដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី បើកិច្ចចរចាសន្តិភាពនៅអ៊ុយក្រែនជាប់គាំង

 

 

រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រូប៊ីយ៉ូ កាលពីថ្ងៃអង្គារបាននិយាយថា រុស្ស៊ីនឹងត្រូវរងទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោនថ្មីថែមទៀត ប្រសិនបើទីក្រុងម៉ូស្គូបរាជ័យក្នុងការផ្តល់សំណើផ្លូវការណាមួយដែលបញ្ជាក់អំពីលក្ខខណ្ឌរបស់ខ្លួនសម្រាប់បទឈប់បាញ់ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើទណ្ឌកម្មថ្មីនោះនឹងត្រូវដាក់យ៉ាងដូចម្ដេចនោះទេដោយលោកគ្រាន់តែនិយាយថា វិធានការបែបនេះទំនងជាមានប្រសិនបើរុស្ស៊ីហាក់គ្មានឆន្ទៈក្នុងការស្វែងរកសន្តិភាព និងបន្តសង្រ្គាមនៅអ៊ុយក្រែនបន្តទៀត។

 

 

លោក រូប៊ីយ៉ូ បាននិយាយថា ពេលនេះលោកកំពុងរង់ចាំមើលលក្ខខណ្ឌរបស់រុស្ស៊ីដើម្បីថ្លឹងថ្លែងឱ្យកាន់តែច្បាស់អំពីការចង់បានរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងដើម្បីដឹងច្បាស់ថាតើលោក ពូទីន ចង់បានបទឈប់បាញ់ដែរឬយ៉ាងណាមុនពេលធ្វើការសម្រេចដាក់ទណ្ឌកម្មថ្មីថែមទៀត។

 

 

ទោះយ៉ាងណា លោក រូប៊ីអូ បានសង្កត់ធ្ងន់ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មិនចង់គំរាមដាក់ទណ្ឌកម្មនៅដំណាក់កាលនេះទេដោយខ្លាចថាវាអាចបង្អាក់ដំណើរការការទូតព្រោះលោក ត្រាំ ជឿថា ប្រសិនបើគេចាប់ផ្តើមការគំរាមកំហែងទណ្ឌកម្មនៅពេលនេះ ប្រជាជនរុស្ស៊ីនឹងឈប់ចរចាជាមិនខាន។

 

 

លោក រូប៊ីយ៉ូ បានបន្ថែមថា លោក ត្រាំ មានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការបញ្ចប់ជម្លោះនេះ ហើយចង់រក្សាសមត្ថភាពក្នុងការមានឥទ្ធិពលលើភាគីទាំងពីរឆ្ពោះទៅរកដំណោះស្រាយដោយសន្តិភាពឱ្យបានយូរតាមដែលអាចធ្វើទៅបាន៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025