ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥
អង្គការសហប្រជាជាតិនៅថ្ងៃអង្គារបានព្រមានថា ទារក១៤,០០០នាក់អាចស្លាប់នៅតំបន់ហ្គាហ្សាក្នុងពេល៤៨ម៉ោងក្រោយ ប្រសិនបើជំនួយមិនបានទៅដល់តំបន់សំខាន់ៗឆាប់ៗ។
លោក Tom Fletcher ប្រធានទទួលបន្ទុកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានព្រមានពីសេចក្តីត្រូវការជាចាំបាច់នៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ចំពេលមានការអះអាងថា ទារករាប់ពាន់នាក់ប្រឈមនឹងការស្លាប់ ដោយសារកង្វះការផ្គត់ផ្គង់អាហារមូលដ្ឋាន និងឱសថ។
កាលពីព្រឹកថ្ងៃអង្គារ អ្នកនាំពាក្យការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) នៅទីក្រុងហ្សឺណែវ បាននិយាយថា ប្រទេសអ៊ីស្រាអែល បានផ្តល់ការអនុញ្ញាតឱ្យរថយន្តជំនួយប្រហែល១០០គ្រឿង ចូលទៅតំបន់ហ្គាហ្សា។
យ៉ាងណាក៏ដោយ ប្រទេសអ៊ីស្រាអែល ប្រកាសថានឹងបង្កើនប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហាម៉ាស និងគ្រប់គ្រងតំបន់ហ្គាហ្សាទាំងមូល។
អ៊ីស្រាអ៊ែលបានបញ្ចប់ការបិទខ្ទប់របស់ខ្លួនមិនឱ្យជំនួយចូលទៅតំបន់ហ្គាហ្សាដែលមានរយៈពេល១១សប្តាហ៍កាលពីចុងសប្តាហ៍។
តំបន់ហ្គាហ្សាបានក្លាយទៅជាវាលសំណល់ដ៏បំផ្លិចបំផ្លាញដោយសារការវាយប្រហារដីគោក និងអាកាសរបស់ប្រទេសអ៊ីស្រាអ៊ែល ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអ៊ែលនៅខែតុលាឆ្នាំ២០២៣។
ប្រែសម្រួល៖ណាវ័ន្ត