ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា គិតមកដល់ឆ្នាំ២០២៥ កម្ពុជាមានរោងចក្រស៊ីម៉ងត៍ចំនួន ៦ មានសមត្ថភាពផលិតស៊ីម៉ងត៍ ១១លានតោនក្នុងមួយឆ្នាំ ក្នុងទុនវិនិយោគសរុបប្រមាណ ១,១១ពាន់លានដុល្លារអាមេរិក ដែលផ្តល់ឱកាសការងារបានប្រមាណ ៣ពាន់កន្លែង។
នាឱកាសអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យដំណើរជាជាផ្លូវការ រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ផលិតផលស៊ីម៉ងត៍នៅកម្ពុជា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រចំនួន ៦ ដែលបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋសរុបប្រមាណ ៣ពាន់កន្លែង។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា រោងចក្រទាំង៦ មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១១លានតោនក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍ ១០០% ពីបរទេស ទៅជាប្រទេសដែលមានលទ្ធភាព ផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់ផ្តើមនាំចេញទៅប្រទេសថៃ ក្នុងបរិមាណប្រមាណជាង ៣ម៉ឺនតោនក្នុងឆ្នាំ២០២៤។
ក្នុងនោះ គម្រោងទាំង ៦នេះ មានក្រុមហ៊ុនចំនួន ៣ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍការដ្ឋាន។ទន្ទឹមនឹងនេះ ស៊ីម៉ងតិ៍ ជាតម្រូវការចាំបាច់បម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លំនៅឋាននានា ដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា ក្នុងរង្វង់ជាង ១០លានតោន នាពេលបច្ចុប្បន្ន។ ដូច្នេះការវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍ គឺដំណើរដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីបំពេញការប្រើប្រាស់ ដែលកម្ពុជាតែងនាំចូលពីប្រទេសនានា។
សូមជម្រាបថា រោងចក្រផលិតស៊ីម៉ងតិ៍ថ្មីនេះ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ផ្តើមចេញពីការវិនិយោគរួមគ្នាដោយក្រុមហ៊ុន Conch International Holdings (HK) Limited និងក្រុមហ៊ុន ខេធី ស៊ីមេន កំពង់ស្ពឺ ជាមួយទុនវិនិយោគសរុបចំនួន ២៥០លានដុល្លារអាមេរិក មានសមត្ថភាពផលិតរហូតដល់ទៅ ២,២ លានតោនក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងប្រទេស និងអាចឈានទៅការនាំចេញផងដែរ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ញិល សុជា