ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥

សហភាពអឺរ៉ុប ទម្លាក់ការព្យាករសេដ្ឋកិច្ចមកត្រឹម ០,៩% ក្នុងឆ្នាំ ២០២៤

២១ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

គណៈកម្មការអឺរ៉ុប បានលើកឡើងថា សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ នឹងកើនឡើងយឺតជាងមុន នៅឆ្នាំ ២០២៥នេះ និងឆ្នាំក្រោយ ដោយសារតែសង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។

 

 

គណៈកម្មការអឺរ៉ុប បានបញ្ជាក់នៅក្នុងការព្យាករណ៍សម្រាប់ប្រទេសចំនួន ២៧ នៃសហភាពអឺរ៉ុប និងប្រទេសចំនួន ២០ ដែលប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ ផលិតផលក្នុងស្រុកសរុបរបស់តំបន់អឺរ៉ូ នឹងកើនឡើងត្រឹមតែ ០,៩% នៅឆ្នាំ ២០២៥នេះ ទាបជាងការរំពឹងទុក ១,៣%។

 


នៅឆ្នាំ ២០២៦ កំណើនតំបន់អឺរ៉ូ គួរតែបង្កើនល្បឿនដល់ ១,៤% ប៉ុន្តែវានឹងនៅតែទាបជាង ១,៦% ដែលគណៈកម្មការ បានរំពឹងទុក កាលពី ៦ខែមុន។ទស្សនវិស័យសម្រាប់កំណើនសេដ្ឋកិច្ចតំបន់ ត្រូវបានកែសម្រួល និងធ្លាក់ចុះយ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹងការចុះខ្សោយនៃចក្ខុវិស័យពាណិជ្ជកម្មសកល និងភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិក។

 


គណៈកម្មការអឺរ៉ុប បន្តថា ទស្សនវិស័យកំណើនខាងលើ គឺផ្អែកលើការសន្មត់ថា សហរដ្ឋអាមេរិកនឹងរក្សាពន្ធរបស់ខ្លួននៅកម្រិតបច្ចុប្បន្ន ១០% លើទំនិញទាំងអស់របស់សហភាពអឺរ៉ុប, ២៥% លើដែក អាលុយមីញ៉ូម និងរថយន្ត និងមិនមានពន្ធលើឱសថ និងគ្រឿងអេឡិចត្រូនិក។

 


ជាចុងក្រោយ អឺរ៉ុប ជឿជាក់ថា កំណើនសម្រាប់ឆ្នាំ ២០២៥ និង ២០២៦ខាងមុខ អាចនឹងកើនឡើង ប្រសិនបើមានការបន្ថយ ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអាមេរិក ឬការពង្រីកពាណិជ្ជកម្មរបស់អឺរ៉ុប កាន់តែលឿនជាមួយប្រទេសផ្សេងទៀត៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025