ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥
នៅក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២៥នេះ សហរដ្ឋអាមេរិក និងកម្ពុជា សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីដល់ជិត ៣,៣ពាន់លានដុល្លារអាមេរិក កើនឡើង ២២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយអាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេបង្អស់របស់កម្ពុជា។ នេះបើយោងតាមទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជា បាននាំចេញទំនិញទៅកាន់ ទីផ្សារអាមេរិកជាង ៣ពាន់ ២រយលានដុល្លារអាមេរិក ហើយ កម្ពុជា ក៏បាននាំចូលពីអាមេរិក មកវិញប្រមាណ ៩៧លានដុល្លារអាមេរិក មានន័យថា កម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ៣ពាន់ ១រយលានដុល្លារអាមេរិក និងធ្វើឱ្យ អាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេបង្អស់របស់កម្ពុជា។
ទំហំពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងរយៈពេល ៤ខែនេះ ឈរនៅលំដាប់លេខរៀងទី ២ យ៉ាងណាមិញ ចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ក្នុងអំឡុងពេលនេះ ដោយការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំ ៤៧៨លានដុល្លារអាមេរិក ដោយការនាំចូលមកកាន់កម្ពុជាវិញ មានដល់ទៅ ៥ពាន់ ២រយលានដុល្លារអាមេរិក ដែលធ្វើឲ្យ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំង ២ ឈានដល់ ៥ពាន់ ៧រយលានដុល្លារអាមេរិក។
ដោយឡែក ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឈរនៅលំដាប់លេខ ៣ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ៣ពាន់ ២រយលានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់វៀតណាមជាង ១ពាន់ ៧រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកជាង ១ពាន់ ៤រយលានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២៥នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជិត ២០ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៧% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ដោយអំឡុងពេលនេះ កម្ពុជា សម្រេចបានការនាំចេញជាង ៩ពាន់ ១រយលានដុល្លារអាមេរិក ដែលកើនឡើង ១៤% ហើយ កម្ពុជា បាននាំចូលទំនិញមកវិញប្រមាណ ១០ពាន់ ៣រយលានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ២០% ហើយវាបានធ្វើឲ្យ កម្ពុជា មានឱនភាពពាណិជ្ជកម្មប្រមាណ ១ពាន់ ២រយលានដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ