ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មិត្តចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពដ៏សំខាន់បំផុតនៃការវិនិយោគរបស់កម្ពុជា ដែលបានរួមចំណែកជួយរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំឡើង តាមរយៈវត្តមានរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគទី២០០ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីកសាងបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែងរវាងកម្ពុជា-ចិន មិត្តចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពដ៏សំខាន់បំផុត នៃការវិនិយោគរបស់កម្ពុជាមកដល់ពេលនេះ តាមរយៈវត្តមានរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសរំលេចថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អយូរអង្វែងរវាងកម្ពុជា-ចិន ដែលមានការវិវត្តចាប់ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ រហូតមកដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យ និងគ្រប់រដូវកាល ជាកម្លាំងចលករដ៏សំខាន់បំផុតមិនអាចខ្វះបាន ក្នុងការជំរុញឱ្យទទួលបានសមិទ្ធផល និងភាពជោគជ័យតំបន់សេដ្ឋកិច្ចពិសេសនិងការរីកចម្រើនទូទាំងខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទស។
បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី បានបន្តថា មិត្តចិនតែងតែជួយគាំទ្រដល់កម្ពុជា នៅគ្រប់កាលទេសៈ និងគ្រប់វិស័យ ខណៈដែលទំនាក់ទំនងកម្ពុជា-ចិន បានកសាងឡើង ដោយឈរលើមូលដ្ឋាន នៃទំនុកចិត្តផ្នែកនយោបាយ និងការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព និងអធិបតេយ្យភាព និងបានបន្តរីកចម្រើនកាន់តែរឹងមាំឡើងៗរហូតវិវត្តន៍ទៅជាមិត្តភាពដែកថែប ដែលត្រូវបានគាំទ្រដោយការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញ៉ាប់ រួមទាំងការប្រាស័យទាក់ទងគ្នាជាយុត្តិសាស្ត្រ។ ទន្ទឹមនឹងនេះ ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានក្លាយទៅជាអ្នកវិនិយោគដ៏ធំ និងមានឥទ្ធិពលបំផុតមួយរបស់កម្ពុជា ដែលជំរុញឱ្យមានការរីកចម្រើនលើវិស័យសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម អចលនទ្រព្យ ថាមពល ទេសចរណ៍ និងកសិកម្ម ជាដើម។
សូមជម្រាបថា គិតចាប់ពីទសវត្សឆ្នាំ១៩៩០ មកទល់ដើមឆ្នាំ ២០២៥នេះ ការវិនិយោគរបស់ចិននៅកម្ពុជា មានទំហំប្រមាណ ៣៦ ពាន់លានដុល្លារអាមេតិក ខណៈក្នុងរយ:ពេល ៥ឆ្នាំចុងក្រោយ (២០២១-២០២៥) ប្រភពទុនវិនិយោគចិនបានឈរនៅលំដាប់លេខ ១ ឬ ២ សម្រាប់ការវិនិយោគឯកជននៅកម្ពុជា។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកប្រមាណ ៣,៤២៣ លានដុល្លារអាមេរិក ស្មើនឹង ៤៩,៨២% នៃទុនវិនិយោគសរុបនៅកម្ពុជា៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី