ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥

លោក ត្រាំ បានរារាំងសាកលវិទ្យាល័យហាវើដមិនឱ្យទទួលយកនិស្សិតអន្តរជាតិ

 

 

រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាម៉េរិកលោកស្រី គ្រីស្ទី ណូម (Kristi Noem) បានប្រកាសតាមប្រព័ន្ធ X កាលពីថ្ងៃព្រហស្បតិ៍ដោយបញ្ជាឱ្យបញ្ចប់កម្មវិធីផ្លាស់ប្ដូរនិស្សិតអន្តរជាតិរបស់សាកលវិទ្យាល័យហាវើដ។ វិមានការនេះមានន័យថា សាកលវិទ្យាល័យនេះមិនអាចទទួលយកនិស្សិតអន្តរជាតិបានទៀតឡើយ ហើយនិស្សិតអន្តរជាតិដែលចុះឈ្មោះរួចហើយត្រូវផ្ទេរឱ្យទៅរៀននៅសាកលវិទ្យាល័យផ្សេងពីនេះ បើមិនដូច្នេះទេ ពួកគេនឹងត្រូវបានបាត់បង់ឋានៈស្របច្បាប់ជាមិនខាន។

 

 

 

ក្រសួងនេះនិយាយថា វិធានការរបស់លោក ត្រាំ នេះគឺដើម្បីជួយសាកលវិទ្យាល័យហាវើដប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា ការប្រឆាំងសាសនា និងការសម្របសម្រួលជាមួយនឹងបក្សកុម្មុយនិស្តចិននៅក្នុងបរិវេណសាលានេះ។ លោក ចេ គ្រីន ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមូលនិធិកេរតំណែលបាននិយាយថា ចំណាត់ការរបស់លោក ត្រាំ នេះមានហេតុផលជាច្រើននៅពីក្រោយនោះ ហើយថា ទិដ្ឋាការនិស្សិតបរទេសគឺជាឯកសិទ្ធិមួយ មិនមែនជាសិទ្ធិនោះទេ។ សាកលវិទ្យាល័យ ហាវើដ បានចេញសេចក្ដីថ្លែងការណ៍ដោយហៅចំណាត់ការនេះថាខុសច្បាប់ និងជាការសងសឹកមួយ ហើយសាកលវិទ្យាល័យបានប្ដេជ្ញាចិត្តម៉ឺងម៉ាត់ថានឹងរក្សាលទ្ធភាពរបស់ខ្លួនក្នុងការទទួលយកនិស្សិត និងអ្នកប្រាជ្ញអន្តរជាតិដែលមកពីជាង១៤០ប្រទេសជាបន្តទៀត។

 

 

សូមរំលឹកថា សាកលវិទ្យាល័យហាវើដបានចុះឈ្មោះនិស្សិតអន្តរជាតិជិត៧ពាន់នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥ដែលស្មើនឹង២៧%នៃការចុះឈ្មោះចូលរៀនសរុបរបស់ខ្លួន៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025