ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥

ទោះមិនទាន់ដោះស្រាយសំណងដល់ម្ចាស់ផ្ទះ ៤គ្រួសារ តែការហ៊ុំព័ទ្ធរបង មុនឈានដល់ការវាយរំលំអគារចាស់អង្គរមានជ័យ កំពុងដំណើរការ

២៣ ឧសភា ២០២៥ | ព័ត៌មានជាតិ

 

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់វិធានការវ៉ៃរំលំអគារអង្គរមានជ័យឆាប់ៗខាងមុខនេះ ដោយមិនទុកអោយអគារនេះ ដួលរលំដោយខ្លួនឯងនោះទេ។ នាពេលបច្ចុប្បន្ននេះ អគារចាស់ទ្រុតទ្រោម នៅកណ្តាលរាជធានីភ្នំពេញនេះ មានអាយុជាង ៧៥ឆ្នាំ ដែលសភាពអគារ មានលក្ខណៈចាស់ទ្រុតទ្រោមខ្លាំង។ យ៉ាងណាក៏ដោយ នៅមានប្រជាពលរដ្ឋម្ចាស់ផ្ទះ ៤គ្រួសារ ក្នុងចំណោម ៦៥គ្រួសារ ដែលរស់នៅអគារចាស់ទ្រុតទ្រោមនេះ មិនទាន់យល់ព្រម ទទួលយកសំណង ដើម្បីរើចេញនៅឡើយទេ។

 


អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី លោក ខៀវ ប៊ូរិន បាននិយាយប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រើរយៈពេល ៩ខែមកហើយ ដើម្បីដោះស្រាយសំណងជូនពលរដ្ឋ ដែលរស់នៅក្នុងអគារអង្គរមានជ័យ ហើយមកទល់ពេលនេះ មានគ្រួសារចំនួន៦១គ្រួសារ បានយល់ព្រមចាកចេញជាមួយសំណងដ៏ត្រឹមត្រូវ ប៉ុន្តែនៅសល់តែ៤គ្រួសារទៀតតែប៉ុណ្ណោះ មិនទាន់យល់ព្រម តែទោះបីយ៉ាងណាក៏ដោយ ក៏ក្រសួងនៅតែព្យាយាមដោះស្រាយសន្តិវិធី។

 


លោក ខៀវ ប៊ូរិន ដែលជាប្រធានក្រុមការងារក្រសួងទទួលដោះស្រាយការសម្របសម្រួលការងារ បានបញ្ជាក់ថា បើយោងតាមច្បាប់សំណង់ ការព្រមព្រៀងត្រឹមតែ៧៥ភាគរយ ក្រសួងមានសិទ្ធចាត់វិធានទៅលើអគារនោះហើយ ដោយសារអគារអង្គរមានជ័យ គឺជាអគារសហកម្មសិទ្ធិ ចំណែកដីគឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយការដោះស្រាយសំណង ត្រូវបានវាយតម្លៃត្រឹមត្រូវតាមរយៈក្រុមហ៊ុនអចលនទ្រព្យរហូតដល់ទៅ៣ក្រុមហ៊ុន។ លើសពីនេះ ពលរដ្ឋដែលមិនទាន់យល់ព្រមចំនួន៤គ្រួសារនោះ សុទ្ធតែមានការយកចិត្តទុកដាក់ និងមានកិច្ចជំនួបជាមួយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាច្រើនលើករួចមកហើយ។

 


លោក ខៀវ ប៊ូរិន បានបញ្ជាក់ថា ក្រសួង មានការព្រួយបារម្ភខ្ពស់អំពីការដួលរំលំ ហើយក៏មិនអនុញ្ញាតឱ្យអគារដ៏ចាស់ទ្រុតទ្រោមនេះ ដួលរំលំដោយខ្លួនឡើយ ដោយសារអ្នកជំនាញសំណង់ បានវាយតម្លៃថាស៊ីម៉ង់ និងដែកនៃអគារនេះ ឈានដល់ដំណាក់កាលប្រកាសអាសន្នហើយ។ក្រោយរយៈពេល១៥ថ្ងៃ នៃថ្ងៃឱសានវាទ ក្រុមការងារគណៈកម្មការចម្រុះ បានចុះទៅហ៊ុំព័ទ្ធអគារសហកម្មសិទ្ធ (អតីតសណ្ឋាគារអង្គរមានជ័យ) ស្ថិតតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការចុះហ៊ុំព័ទ្ធនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ដោយក្រុមការងារបច្ចេកទេសជំនាញ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរមូលដ្ឋាន រដ្ឋបាលខណ្ឌ៧មករា។

 


ក្នុងចំណោមគ្រួសារពលរដ្ឋ ចំនួន ៤គ្រួសារ ដែលនៅសេសសល់ មានពលរដ្ឋ ៣គ្រួសារ សុខចិត្តឱនភាពលើតម្លៃ ដែលបានដាក់ជូនក្រុមការងារកន្លងមក តែមន្រ្តីបញ្ជាក់ថា តម្លៃនៅតែខ្ពស់ ខណៈមួយគ្រួសារ (ហាងវែនតា) សុខចិត្តអភិវឌ្ឍនៅនឹងកន្លែង។កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋ ដែលកំពុងរស់នៅអតីតអគារសណ្ឋាគារអង្គរមានជ័យ ដែលនៅសល់ចំនួន ៤គ្រួសារ ត្រូវបញ្ឈប់ការរស់នៅ និងដាក់ឱសានវាទឲ្យចាកចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។

 


ទីតាំងអគារនេះ ស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលត្រូវបានសាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ។សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង១០៧បន្ទប់៕ 

 

 

 

 

អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025