ថ្ងៃអង្គារ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៥

ឱកាសការងារជាង ៥ពាន់កន្លែង នឹងធ្វើឡើង រយៈពេល ២ថ្ងៃ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស 

០៦ ឧសភា ២០២៥ | ព័ត៌មានជាតិ

នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែឧសភា ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំឱកាសការងារជាង ៥ពាន់កន្លែង សម្រាប់យុវជន និងអ្នកដែលកំពុងមានតម្រូវការការងារ ដែលធ្វើឡើង នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឬហៅកាត់ថា NTTI ស្ថិតនៅខាងក្រោយវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

 


ទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ«ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពឆ្នាំ២០២៥» នៅថ្ងៃទី៩ និងទី១០ ខែឧសភា ចាប់ពីម៉ោង ៨:០០ព្រឹករហូតដល់ម៉ោង៥:០០ល្ងាច នៅអគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឬហៅកាត់ថា NTT ដែលនាំមកនូវឱកាសការងារជូនយុវជនចំនួន៥៤០០កន្លែង។ 

 


ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារនេះជាកិច្ចសហការ រវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល។ ក្នុងនោះ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសាធារណៈ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលធំៗ ប្រមាណជាង ៣០ ស្ថាប័ន នឹងចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម ឱកាសកម្មសិក្សាការងារ និងផ្សព្វផ្សាយពីកម្មវិធីសិក្សា និងវគ្គអប់រំបណ្តុះបណ្តាលជំនាញជាច្រើន។ 

 

 

ឯកឧត្តមថា នេះជាវេទិការជួបជុំមួយដែលបង្កលក្ខណៈងាយស្រួលសម្រាប់ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកកាងារងារធ្វើ អាចទំនាក់ទំនងគ្នាដោយផ្ទាល់ៗ។ ក្នុងនោះ ក៏មានជាសិក្ខាសាលាចែករំលែក បទពិសោធន៍ ការប្រឹក្សាយោបល់ការងារ និងអាជីព អំពីការត្រៀមខ្លួនចូលបម្រើការងារ ដោយវាគ្មិនជំនាញមានបទពិសោធន៍ក្នុងទីផ្សារការងារច្រើនឆ្នាំ ផងដែរ»។ 

 

 

លោក ម៉ាធី ឥន្រ្តាវិដ ប្រធានជាន់ខ្ពស់ផ្នែកធនធានមនុស្ស នៃ ធនាគារ លីហួរ បានឱ្យដឹងថា NEA គឺជាស្ថាប័នរបស់រដ្ឋដែលបានជួយដល់អ្នកស្វែងរការងារ និងជួយដល់និយោជកក្នុងការជ្រើសរើសបុគ្គលិក។ លោកបញ្ជាក់បន្ថែមថា ស្របពេលដែលស្ថាប័នកំពុងតែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះតម្រូវការជ្រើសរើសបុគ្គលិកក៏កាន់តែមានភាពចាំបាច់។ លោករំពឹងថា នឹងទទួលបានបុគ្គលិកទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលពីរថ្ងៃនៃពិព័រណ៍ការងារនេះ។

 

 

លោកថា វេទិការនេះបានជំរុញដល់ សិស្ស-និស្សិត សាធារណៈជន ទូទៅ ដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យ សម្ភាសការងារជាមួយក្រុមហ៊ុនផ្ទាល់នៅថ្ងៃទី៩-១០ នាពេលខាងមុខនេះ នឹងស្នើដល់អ្នកស្វែងរកការងារ ឬផ្លាស់ប្តូរការងារត្រូវរៀបចំខ្លួនឱ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួនផងដែរ៕

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ក្រសួងការងារ និងឯកសារ 
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025