ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

ពលរដ្ឋប្រើប័ណ្ណ ប.ស.ស សម្តែងភាពរីករាយ ពេលទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យព្រះអង្គឌួង

០៨ ឧសភា ២០២៥ | ព័ត៌មានជាតិ

 

ចំនួនអ្នកប្រើប័ណ្ណ ប.ស.ស ដើម្បីទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ដោយមិនគិតថ្លៃ នៅតាមមន្ទីរពេទ្យមានកាន់តែច្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ។ ប្រជាពលរដ្ឋ ដែលទៅរង់ចាំពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងរាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ន សេវាកម្មល្អ និងទទួលបានការពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

 


ពលរដ្ឋ ដែលជាសមាជិក ប.ស.ស សម្តែងភាពរីករាយនៅពេលដែលសេវាកម្មមួយនេះ ត្រូវបានយកចិត្តទុកដាក់ និងពន្លឿនសេវាកម្មរបស់ខ្លួនជូនដល់ប្រជាពលរដ្ឋ ដែលទៅទទួលសេវានៅតាមមន្ទីរពេទ្យជាច្រើននៅកម្ពុជា។ ជាក់ស្តែង សមាជិក ប.ស.ស ដែលទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ ព្រះអង្គឌួង លើកឡើងថា ទាំងការផ្តល់ជូនសេវាកម្ម ប.ស.ស និងការព្យាបាល គឺសុទ្ធតែទទួលបានការយកចិត្តទុកដាក់ខ្ពស់។ 

 


លោក សុផល ជាពលរដ្ឋមកពី ខណ្ឌឫស្សីកែវ មកពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា នេះជាលើកទី៥ របស់ខ្លួនហើយដែលមកពិនិត្យ ព្យាបាលជំងឺដោយប្រើប័ណ្ណ ប.ស.ស នៅមន្ទីរពេទ្យនេះ និងឃើញថា សេវាកម្មល្អ យកចិត្តទុកដាក់ដល់អ្នកជំងឺ មិនថាអ្នកប្រើប័ណ្ណ ឬមិនមែននោះទេ។ 
 


ចំណែកលោកស្រី លឹម កែវ ជាពលរដ្ឋមកពី អ្នកលឿង ខេត្តព្រៃវែង ក៏បានលើកឡើងដែរថា ចាប់តាំងពីមានប័ណ្ណ ប.ស.ស មកគឺផ្តល់ភាពងាយស្រួលដល់លោកស្រី និងកាត់បន្ថយការចំណាយច្រើន។ 

 

 

ទន្ទឹមនឹងគ្នានេះ លោកវេជ្ជបណ្ឌិត  អាន ច័ន្ទសុភី គ្រូពេទ្យឯកទេសត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួងលើកឡើងថា បច្ចុប្បន្នអ្នកជំងឺមកព្យាបាលនៅទីនេះមានចំនួនច្រើន ក្នុងនោះទាំងអ្នកប្រើប្រាស់សេវាកម្មធម្មតា អ្នកប្រើប្រាស់ប័ណ្ណ ប.ស.ស និងប័ណ្ណសមធម៌ ហើយការព្យាបាលគឺមិនមានការបែងចែកនោះទេ គឺព្យាបាលដូចគ្នាទាំងអស់។ 

 

 

បើតាមការឱ្យដឹងពីលោក ហេង សុភក្តី ប្រធានក្រុមភ្នាក់ងារ ប.ស.ស ប្រចាំនៅមន្ទីរពេទ្យព្រះអង្គឌួង ថា ជាមធ្យមនៅទីនេះទទួលសមាជិក ប.ស.ស ចូលប្រើសេវាប្រមាណ ១២០០ ទៅ ១៥០០នាក់ ក្នុងមួយថ្ងៃសម្រាប់ថ្ងៃធ្វើការ និង ១៥០០ ទៅ ២០០០នាក់ ក្នុងមួយថ្ងៃសម្រាប់ថ្ងៃចុងសប្តាហ៍។ លោកបន្តថា ក្រុមការងារ នៅតែបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណាផ្តល់សេវាកម្ម និងភាពងាយស្រួលដល់សមាជិក ប.ស.ស ទាំងអស់ និងព្យាយាមធ្វើយ៉ាងណាមិនឱ្យមានការកកស្ទះនោះទេ ពិសេសថ្ងៃចុងសប្តាហ៍ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយគ្នាផងដែរ៕
 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025