ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវចូលរួមសហការទប់ស្កាត់ និងបញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាត
ក្រសួងព័ត៌មាន ស្នើសុំប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមសហការទប់ស្កាត់ និងបញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ក្នុងលិខិត ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើសុំឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមសហការទប់ស្កាត់ និងបញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថ គ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ដោយយោងលិខិតលេខ១៣៥ អ.ប.ស ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានបច្ចេកទេស សុខាភិបាលនៃក្រសួងសុខាភិបាល ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជ្រាបថា កន្លងមកនេះ មានការផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ CALCUTIL និងឱសថផ្សេងៗទៀត ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ព្រមទាំងបានប្រើប្រាស់ខ្លឹមសារផ្សព្វផ្សាយបំផ្លើសហួសពីការពិត ដែលនាំឱ្យប្រជាពលរដ្ឋ មានការភាន់ច្រឡំ និងអាចប៉ះពាល់ដល់សុខភាពផងដែរ។
ដើម្បីចូលរួមការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ កាត់បន្ថយផលអវិជ្ជមាននៃការប្រើប្រាស់ឱសថ ដែលគ្មានប្រភពច្បាស់លាស់ ក្រសួងព័ត៌មានស្នើសុំម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមសហការ និងអនុវត្តដូចខាងក្រោម៖
១- បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ CALCUTIL និងលុបមាតិកា ដែលបានផ្សព្វផ្សាយកន្លងមក ពាក់ព័ន្ធនឹងផលិតផលខាងលើ និងឱសថគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
២- រាល់ការផ្សព្វផ្សាយផលិតផលឱសថ ត្រូវពិនិត្យឱ្យបានច្បាស់លាស់លើលេខបញ្ជិការ និងមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ក្នុងលិខិតរបស់អគ្គនាយកបច្ចេកទេសសុខាភិបាល គោរពជូនឯកឧត្តមប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា បានស្នើសុំការអនុញ្ញាតលុបមាតិកា ឬគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចំនួន ១៩ និង គណនី TikTok ចំនួន ០៤ ព្រមទាំងគណនីពាក់ព័ន្ធផ្សេងទៀត ក្នុងការផ្សព្វផ្សាយលក់ផលិតផលឱសថបុរាណ CALCUTIL។
អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល សង្កេតឃើញថា មានគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកចំនួន ១៩ និងគណនី TikTok ចំនួន ០៤ ព្រមទាំងគណនីពាក់ព័ន្ធផ្សេងទៀត បាន និងកំពុងផ្សព្វផ្សាយលក់ផលិតផលឱសបុរាណ ឈ្មោះ CALCUTIL គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ព្រមទាំងប្រើប្រាស់ខ្លឹមសារផ្សព្វផ្សាយបំផ្លើស ហួសពីការពិត បោកប្រាស់ដល់ប្រជាពលរដ្ឋ។ អនុលោមតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផល ដែលមានគុណភាពក្នុងការបញ្ជារ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល៕
អត្ថបទ និងរូបភាព៖ PNN