ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
ទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំការតាំងបង្ហាញផលិតផលខ្មែរ «ភូមិមួយផលិតផលមួយ» រយៈពេល ២ថ្ងៃ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ព្រមទាំងចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ថ្ងៃ៩មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោម ប្រធានបទ «ចូលរួមប្រើប្រាស់ផលិតផលខ្មែរ»។ សហគ្រាសចំនួន ៧១សហគ្រាស មកពីបណ្តារាជធានីខេត្តទូទាំងប្រទេស បានតាំងបង្ហាញផលិតផលខ្មែរ ដែលជាអត្តសញ្ញាណរបស់ស្រុកភូមិនិមួយៗ។
ទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំការដាក់តាំងបង្ហាញផលិតផលខ្មែរ ភូមិមួយផលិតផលមួយ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ៨ និង៩ ខែមេសា ឆ្នាំ២០២៥ ដែលមានការចូលរួមពីសហគ្រាសចំនួន ៧១សហគ្រាសមកពីបណ្តារាជធានី ខេត្ត ។ ការដាក់តាំងបង្ហាញផលិតផលខ្មែរនេះ រៀបចំដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហការជាមួយសហគ្រាសក្នុងស្រុកមកពីបណ្តារាជធានី ខេត្ត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រមទាំងចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោម ប្រធានបទ «ចូលរួមប្រើប្រាស់ផលិតផលខ្មែរ» ។
លោកស្រី អាអ៊ីសា ជាស្ថាបនិកគំនូរអង្ករ បានលើកឡើងថា នេះជាលើកទី២របស់ខ្លួន ដែលបានចូលរួមក្នុងការដាក់តាំងបង្ហាញផលិតផលខ្មែរ ភូមិមួយផលិតផលមួយ នៅទីស្តីការគណៈរដ្ឋមន្ត្រីនេះ និងមានអារម្មណ៍សប្បាយរីករាយ នៅពេលបានដាក់តាំងបង្ហាញ និងជួបជុំជាមួយម្ចាស់សហគ្រាសជាច្រើនផ្សេងទៀតមកពីបណ្តាខេត្តផ្សេងៗ។ ជាមួយគ្នានេះ លោក គួង សុធា ជាអ្នកកែច្នៃផលិតផលពីដើមត្នោតមកពីស្រុកត្រាំកក់ ខេត្តតាកែវ បានសម្តែងភាពរីករាយ ដែលថ្នាក់ដឹកនាំបានរៀបចំជាកម្មវិធីនេះឡើង និងជួយជំរុញនូវផលិតផលក្នុងស្រុកឱ្យកាន់តែមានទីផ្សារ។
សូមជម្រាបដែរថា ការដាក់តាំងបង្ហាញផលិតផលខ្មែរ ភូមិមួយផលិតផលមួយនេះ ធ្វើឡើងនៅស្តីការគណៈរដ្ឋមន្ត្រី អគារមិត្តភាព ជាន់ផ្ទាល់ដី ដែលមានការចូលរួមពីសហគ្រាសចំនួន ៧១សហគ្រាសមកពីបណ្តារាជធានី ខេត្ត ដែលក្នុងនោះរួមមាន សម្ភារៈប្រើប្រាស់ សម្ភារៈតាំងលម្អ និងចំណីអាហារជាដើម។ កម្មវិធីនេះ រៀបចំរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ៨ និង៩ ខែមេសា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៥ និង ៣០ នាទីល្ងាច និងបើកឱ្យមានការចូលរួមដោយសេរី ដើម្បីរួមគ្នាប្រើប្រាស់ និងលើកស្ទួយផលិតផលខ្មែរ៕
អត្ថបទ៖ អ៊ីសា ហាសាណះ, រូបភាព៖ ហ៊ុន សុជាតា