ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
បវរកញ្ញាវ័យក្មេងពោរពេញដោយសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ ឌៀប សុហ្វៀរ៉ា បញ្ជាក់ច្បាស់ៗថា នាងនឹងត្រឡប់មកអង្រួនឆាកប្រកួតបវរកញ្ញាវិញភ្លាម នៅពេលពង្រឹងប៉ុន្មានចំនុននេះឱ្យខ្លាំង។
នេះជាការឆ្លើយតបយ៉ាងក្បោះក្បាយរបស់បវរកញ្ញាវ័យក្មេង ឌៀប សុហ្វៀរ៉ា ចំពោះការទទូចសួរពីអ្នកគាំទ្រវិស័យបវរកញ្ញា ដែលជំរុញចង់ឱ្យនាងត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀតឱ្យបានឆាប់ៗ។
ការលើកឡើងខាងលើរបស់ សុហ្វៀរ៉ា ជាសញ្ញាវិជ្ជមានមួយ ដែលនាងអាចនឹងវិលត្រឡប់មកប្រកួតប្រជែងកម្មវិធីបវរកញ្ញាម្តងទៀតក្នុងឆ្នាំណាមួយ ខណៈដែលពេលនេះនាងកំពុងសម្លឹងមើលកម្មវិធីបវរកញ្ញាធំៗចំនួន ២ គឺ Miss Universe Cambodia និង Miss Cosmo Cambodia ព្រោះកម្មវិធី ២ នេះសុទ្ធសឹងតែជាកម្មវិធីធំ ដែលមានបេសកម្ម និងចក្ខុវិស័យច្បាស់លាស់ ពិសេសកម្មវិធី Miss Universe Cambodia ផ្ទាល់តែម្តង។
ជាសិល្បករស្រករក្រោយក៏ពិតមែន តែកូនកាត់ខ្មែរ-រុស្សី ឌៀប សុហ្វៀរ៉ា ច្បាបប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស ក្លាយជាតារាស្រីវ័យក្មេងម្នាក់ក្នុងដួងចិត្តយុវវ័យ។ មិនត្រឹមល្បីឈ្មោះក្នុងវិស័យបវរកញ្ញា សូម្បីការងារសិល្បៈផ្សេងទៀតក៏នាងមានទីផ្សារខ្ពស់មិនចាញ់សិល្បកររៀមច្បងនោះឡើយ។
ជាក់ស្តែង ក្នុងឆ្នាំ២០២៥នេះ សុហ្វៀរ៉ា មានស្នាដៃភាពយន្តខ្នាតធំ និងរឿងភាគជាច្រើនត្រៀមបញ្ចេញលើទីផ្សារឆាប់ៗនេះ ខណៈដែលពេលនេះរឿងភាគ «កោះទ្រង់អន្លង់ស្នេហ៍» ដែលនាងចូលរួមសម្តែងកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន រៀងរាល់ថ្ងៃ ចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលា 20:00យប់ និង Mobile App PNN PLUS។ រីឯ ហ្វេសប៊ុក PNN Drama Fan Club ចាប់ផ្តើម live នៅវេលាម៉ោង 20:10យប់៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ៊ុន សុជាតា