ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសកាលពីយប់ថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក។ យន្តហោះដឹកលោក ត្រាំ និងស្ត្រីទីមួយលោកស្រី ម៉េឡានី ត្រាំ ត្រូវបានគេមើលឃើញចុះចតនៅព្រលានយន្តហោះស្ទេនស្ទីដ (Stansted) ក្នុងទីក្រុងឡុងដ៍ដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីអង់គ្លេសមួយចំនួនរួមទាំងរដ្ឋមន្ត្រីការបរទេសលោក អ៊ីវ៉េត ឃូភើ ផងដែរ។
បន្ទាប់មក លោក ត្រាំ និងលោកស្រី ម៉េឡានី បានឡើងជិះឧទ្ធម្ភាគចក្របន្តទៅកាន់វិមានវីនហ្វៀលដែលជាលំនៅឋានផ្លូវការរបស់ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅចក្រភពអង់គ្លេសដើម្បីសម្រាកនៅទីនោះ។ លោក ត្រាំ បាននិយាយនៅក្រៅវិមានវីនហ្វៀលជាមួយឯកអគ្គរដ្ឋទូតអាម៉េរិកលោក វ៉រ៉ិន ស្ទេហ្វេន (Warren Stephens) ថា ទំនាក់ទំនងទ្វេភាគីល្អខ្លាំងណាស់។
លោក ត្រាំ គ្រោងនឹងជួបជាមួយព្រះមហាក្សត្រ ឆាល់ របស់ចក្រភពអង់គ្លេសនៅថ្ងៃពុធនេះ។ នៅក្នុងពេលធ្វើទស្សនកិច្ចរបស់លោក ត្រាំ លើកនេះ គេបានរំពឹងថា ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមានតម្លៃជាង១០ពាន់លានដុល្លារ ដែលជាការបន្តនូវទំនាក់ទំនងពិសេសនៃប្រទេសទាំងពីរ ខណៈនាយករដ្ឋមន្ត្រីអង់គ្លេសលោក កៀ ស្តាម័រ មានបំណងចង់ក្លាយជាជើងឯកនៅក្នុងទំនាក់ទំនងនេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន