ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកពីប្រទេសបារាំង សរុបចំនួន ៤៤ ដែលមានទុនវិនិយោគប្រមាណ ៣៨០លានដុល្លារអាម៉េរិក។
នាពេលថ្មីៗនេះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក François Corbin ប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-បារាំងនៃសហព័ន្ធនិយោជកបារាំងអន្តរជាតិ ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង។
នាឱកាសនោះ ឯកឧត្តម ក៏បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរនៃ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជាលើគ្រប់វិស័យ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំង២។
ជាក់ស្តែង គិតចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកពីប្រទេសបារាំង សរុបចំនួន ៤៤គម្រោង ដែលមានទុនវិនិយោគប្រមាណ ៣៨០លានដុល្លារអាម៉េរិក ហើយដែលសកម្មភាពវិនិយោគទាំងនោះ បានពាំនាំមកនូវ បច្ចេកវិទ្យា, ការផ្ទេរនូវចំណេះដឹង ជំនាញ និងនវានុវត្តន៍, និងស្មារតីសហគ្រិនភាពដល់កម្ពុជា។
ឯកឧត្តមអគ្គលេខាធិការរង ក៏បានបង្ហាញសុទិដ្ឋិនិយមថា សមភាគី នឹងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការឈ្វេងយល់អំពី បរិយាកាសវិនិយោគ និងឧត្តមភាពប្រកួតប្រជែង ព្រមទាំងបន្តជំរុញសហគមន៍ធុរកិច្ចបារាំង ឱ្យមកសិក្សាសមិទ្ធិលទ្ធភាពបណ្តាក់ទុនវិនិយោគបន្ថែមទៀត នាពេលដ៏ខ្លីខាងមុខ។
គួរជម្រាបផងដែរថា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៤៩១គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧ពាន់ ២រយលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង ៣៣ម៉ឺនកន្លែង៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ