ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥

IMF ព្យាករកំណើនសេដ្ឋកិច្ចវៀតណាម ៦,៥% ក្នុងឆ្នាំ ២០២៥

១៧ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានព្យាករផលិតផលក្នុងស្រុកសរុបរបស់វៀតណាម ត្រឹម ៦,៥% ក្នុងឆ្នាំ ២០២៥នេះ ដោយសារឥទ្ធិពលនៃពន្ធបដិការរបស់អាមេរិក។

 

 

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។មូលនិធិរូបិយវត្ថុអន្តរជាតិ បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកត្រឹម ៦,៥% នៅឆ្នាំនេះ បន្ទាប់ពីកំណើន ៧% កាលពីឆ្នាំ២០២៤ ហើយការចុះទាបនាពេលនេះ គឺដោយសារតែឥទ្ធិពលនៃពន្ធរបស់សហរដ្ឋអាមេរិក។

 


IMF បានបន្តថា ហានិភ័យធ្លាក់ចុះគឺខ្ពស់ ដោយបន្ថែមថា កំណើននឹងថយចុះបន្ថែមទៀត នៅឆ្នាំក្រោយ បើសិន រដ្ឋាភិបាលវៀតណាម សម្រេចបន្ធូរបន្ថយវិធានការជំរុញសេដ្ឋកិច្ចមួយចំនួន។

 


លើសពីនេះ ការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មសកល ឬការរឹតបន្តឹងនៃលក្ខខណ្ឌហិរញ្ញវត្ថុសកល អាចធ្វើឱ្យការនាំចេញ និងការវិនិយោគរបស់វៀតណាម ចុះខ្សោយថែមទៀត។ទន្ទឹមគ្នានេះ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ហៅកាត់ថា O.E.C.D បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម នឹងកើនឡើង ៦,២% នៅឆ្នាំនេះ ហើយបន្តសម្រេចបាន ៦% ក្នុងឆ្នាំ ២០២៦ខាងមុខ ។ 

 


ទោះយ៉ាងណា ស្ថាប័នអន្តរជាតិជាច្រើន បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាម ពីប្រហែល ៧% មកនៅចន្លោះពី ៦ ទៅ ៦,២% នៅឆ្នាំ ២០២៥ ដោយសារតែភាពមិនច្បាស់លាស់នៃគោលនយោបាយសកល និងការនាំចេញយឺតយ៉ាវ ដោយសារភាពតានតឹងពាណិជ្ជកម្មកើនឡើង។

 


សូមជម្រាបថា បើទោះជាមានការកែប្រែធ្លាក់ចុះក៏ដោយ ក៏វៀតណាមនៅតែស្ថិតក្នុងចំណោមប្រទេសសេដ្ឋកិច្ចដែលមានទស្សនវិស័យវិជ្ជមានបំផុតក្នុងឆ្នាំខាងមុខ ជាមួយនឹងការព្យាករណ៍នៅតែខ្ពស់ជាងប្រទេសដទៃទៀតនៅក្នុងតំបន់ ដែលជំរុញដោយការប្រើប្រាស់ឯកជនដ៏រឹងមាំ និងការវិនិយោគសាធារណៈ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025