ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥

ចិន ដាក់គោលដៅសម្រេចការលក់រថយន្ត ៣២លានគ្រឿងក្នុងឆ្នាំ ២០២៥

១៧ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន បានបញ្ជាក់ថា ប្រទេសចិន កំពុងកំណត់គោលដៅលក់រថយន្តចំនួន ៣២លានគ្រឿង នៅឆ្នាំ ២០២៥នេះ ដែលជាផ្នែកមួយនៃផែនការគាំទ្រកំណើនស្ថិរភាពនៅក្នុងវិស័យរថយន្ត។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន កំពុងកំណត់គោលដៅលក់រថយន្តចំនួន ៣២លាន ៣សែនគ្រឿង នៅឆ្នាំ ២០២៥ ដែលតួលេខនេះទាបជាងចំនួន ៣២លាន ៩សែនគ្រឿង ដែលត្រូវបានព្យាករដោយសមាគមក្រុមហ៊ុនផលិតរថយន្តចិន។ទន្ទឹមគ្នានេះ គោលដៅសម្រាប់ការលក់រថយន្តអគ្គិសនីថ្មី ត្រូវបានកំណត់ត្រឹម ១៥លានគ្រឿង កើនឡើងប្រហែល ២០% ធៀបនឹងឆ្នាំមុន។

 


ផែនការនេះរួមមានវិធានការពង្រឹងការប្រកួតប្រជែងដោយស្មើភាព និងជំរុញបរិយាកាសទីផ្សារប្រកបដោយសណ្តាប់ធ្នាប់។ក្រសួងឧស្សាហកម្មចិន បានបន្តថា ក្រសួងនឹងចាប់ផ្តើមយុទ្ធនាការរយៈពេល ៣ខែ ដើម្បីបង្ក្រាបការបង្ខូចទីផ្សារ និងភាពមិនប្រក្រតីលើអ៊ីនធឺណិតផ្សេងទៀតនៅក្នុងវិស័យរថយន្ត។

 

 

ការបង្រ្កាបនេះកើតឡើងបន្ទាប់ពី បទប្បញ្ញត្តិនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានរឹតបន្តឹងនៅក្នុងខែឧសភា ប្រឆាំងនឹងសង្គ្រាមតម្លៃ ដែលបានធ្វើឱ្យក្រុមហ៊ុនផលិតរថយន្ត អ្នកផ្គត់ផ្គង់ និងឈ្មួញមានការខូចខាត។

 


ដោយឡែក សមាគមក្រុមហ៊ុនផលិតរថយន្តចិន បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ ផលិតកម្មរថយន្តរបស់ប្រទេសចិន បានឈានដល់ ១៨លានគ្រឿង ហើយការលក់រថយន្តរបស់ចិន ក៏បានឈានដល់ ១៨លានគ្រឿងដូចគ្នាដែរ។

 

 

គួរបញ្ជាក់ថា រថយន្តអគ្គិសនីថ្មីរបស់ប្រទេសចិន គឺមានសន្ទុះខ្លាំងក្នុងផលិតកម្ម និងការលក់ក្នុងអំឡុងពេល ៧ខែនេះ ដោយការលក់រថយន្តអគ្គិសនី មានចំនួន ៤៥% នៃការលក់រថយន្តថ្មីសរុបទូទាំងប្រទេស៕
 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025