ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥

ក្រុមហ៊ុនរដ្ឋចិន មានបំណងកែច្នៃស្វាយចន្ទីកម្ពុជាឱ្យបាន ៣ម៉ឺនតោន ក្នុងមួយឆ្នាំ

១៧ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

ក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ បានបង្ហាញនូវសុទិដ្ឋិនិយមបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យឧស្សាហកម្មស្វាយចន្ទី ដោយគ្រោងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានចំនួន ៣ម៉ឺនតោន ក្នុងមួយឆ្នាំ សម្រាប់ការនាំចេញទៅទីផ្សារប្រទេសចិន។ 

 

 

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី បានទទួលជួបពិភាក្សាការងារជាមួយ លោក David Zou Zhun ប្រធានផ្នែកកសិកម្មនៃក្រុមហ៊ុន Sinomach Hainan Development ដែលជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ កំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការមកបណ្តាក់ទុនវិនិយោគកែច្នៃ គ្រាប់ស្វាយចន្ទីដើម្បីនាំចេញទីផ្សារប្រទេសចិន។

 


ក្នុងឱកាសនោះ ក្រុមហ៊ុនរដ្ឋចិន បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យឧស្សាហកម្មស្វាយចន្ទី ដោយគ្រោងនឹងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានចំនួន ៣ម៉ឺនតោ ក្នុងមួយឆ្នាំ នៅដំណាក់កាលទី១។ 

 


ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទី ពីដើមទីដល់ចុងទី ដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំ សម្ងួត រហូត ដល់ការកែច្នៃជាផលិតផលសម្រេច។

 


លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មស្វាយចន្ទី និងកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃ ដោយប្រើបច្ចេកវិទ្យាទំនើបផងដែរ។ ម៉្យាងទៀត ក្រៅពីសក្តានុពលនៃដំណាំកសិកម្មផ្សេងទៀត កម្ពុជាក៏មាន ដំទ្បូងមី ចេក ស្វាយ និងធុរេន ជាដើម ដែលក្រុមហ៊ុន អាចធ្វើការគិតគូររៀបចំខ្សែច្រវាក់ផលិតកម្ម និងកែច្នៃដំណាំកសិកម្មទាំងនោះ ឱ្យកាន់តែមានតម្លៃបន្ថែមខ្ពស់បន្ថែមទៀត។

 


គួរជម្រាបថា ក្រុមហ៊ុនរដ្ឋចិន មានគម្រោងវិនិយោគឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ហើយ ក្រុមហ៊ុនខាងលើ នឹងរៀបចំជាបីដំណាក់កាល ដែលដំណាក់កាលទី១ គ្រោងនឹងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានចំនួន ៣ម៉ឺនតោន ក្ន្ងមួយឆ្នាំ ដំណាក់កាលទី២ ចំនួន ២០ម៉ឺនតោន ក្នុងឆ្នាំ និងដំណាក់កាលទី៣ ចំនួន ៥០ម៉ឺនតោន ក្នុងមួយឆ្នាំ៕

 

 

អត្ថបទ៖ ថុន សុកតុមាលា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025