ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
បន្ទាប់ពីស្នាដៃរឿង «គ្រួសារបង្កង» ទទួលបានជោគជ័យយ៉ាងខ្លាំងពីអ្នកទស្សនា តារាសម្តែង សិទ្ធី នីកា តួអង្គ មាស បានបង្ហាញអារម្មណ៍រំភើប និងមោទនភាពចំពោះសមិទ្ធិផលដែលទទួលបាន ថែមទាំងទទូចចង់ឱ្យមានភាគ ២ បន្តទៀត។
រឿងភាគ «គ្រួសារបង្កង» របស់ស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិន ទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗកន្លងទៅ ប្រកបដោយភាពជោគជ័យខ្លាំងលើសពីការរំពឹងទុក សូម្បីតួឯកស្រី សិទ្ធី នីកា ក៏បានបង្ហាញអារម្មណ៍រំភើប និងមោទនភាពចំពោះភាពជោគជ័យរបស់ធំធេងនេះផងដែរ។
ប្រាប់ឱ្យអ្នកសារព័ត៌មានកម្មវិធីជីវិតកម្សាន្តដឹងកាលពីពេលថ្មីៗ តារាសម្តែងរូបនេះបន្តថា នាងពិតជាសប្បាយចិត្ត និងមានមោទនភាពជាខ្លាំងចំពោះភាពជោគជ័យដ៏ធំធេងនេះ។ គ្រប់យ៉ាងមិនមែនកើតឡើងដោយឯកឯងឡើយ តែវាជាកម្លាំងសាមគ្គីជាថ្លុងមួយរបស់ក្រុមការងារគ្រប់ផ្នែក រហូតបង្កើតជាសមិទ្ធិផលដ៏ល្អបែបនេះ។
ពេលឃើញភាពយន្តជោគជ័យ មានការគាំទ្រខ្លាំងបែបនេះ តារាស្រីដ៏មានប្រជាប្រិយភាពនេះនឹករឮកដល់អនុស្សាវរីយ៍អំឡុងពេលថតរឿងនេះ ហើយនាងសង្ឃឹមថា នឹងអាចមានរឿង «គ្រួសារបង្កង» វគ្គ២ បន្តទៀត ដើម្បីកំដរអារម្មណ៍ពុកម៉ែបងប្អូនដែលនៅចង់ដឹងសាច់រឿងបន្ទាប់ទៀត។
គួររំឮកឱ្យដឹងផងដែរថា «គ្រួសារបង្កង» ជាវណ្ណកម្មស្នាដៃរឿងភាគថ្មីសន្លាងរបស់ស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិន ដែលផលិតករ និងអ្នកដឹកនាំរឿងសម្រិតសម្រាំងយ៉ាងខ្លាំងក្លាលើគុណភាពសាច់រឿង ប្លង់ថត និងការដាក់អារម្មណ៍មនោសញ្ចេតនារបស់តួអង្គនីមួយៗ ធ្វើយ៉ាងណាផ្តល់ឱ្យអ្នកទស្សនានូវសាច់រឿងដ៏ត្រជាក់ភ្នែកប្រកបដោយអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅផងដែរ។
ក្រោយផ្ទុះការគាំទ្រខ្លាំងពីសំណាក់ពុកម៉ែបងប្អូន និងអ្នកនិយមទស្សនារឿងភាគខ្មែររបស់ភីអិនអិន រឿង «គ្រួសារបង្កង» ត្រូវបាននាំយកទៅចូលរួមកម្មវិធីពិពរណ៍ភាពយន្ត HONG KONG FILMART កាលពីថ្ងៃទី ១៧-២០ ខែមីនា ឆ្នាំ២០២៥ នៅទីតាំង Hong Kong Convention and Exhibition Centre ក្រុងហុងកុង ថែមទៀតផង អមជាមួយរឿងភាគ «លួចស្នេហ៍គូដណ្តឹង» «ស្តេចកន» និង «សាសនាងងឺត» ជាដើម៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ភីអិនអិន