ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
វគ្គថ្មីៗនៃសែស្រឡាយភាពយន្តធំៗរួមមាន “Mission: Impossible”, “Superman” និង “Avatar” ព្រមទាំងភាពយន្តជាច្រើនទៀតកំពុងធ្វើឱ្យអ្នកស្ថិតក្នុងវិស័យភាពយន្តអាមេរិក មានសង្ឃឺមថាវិស័យនេះនឹងអាចត្រលប់មករឹងមាំឡើងវិញនៅឆ្នាំ២០២៥ ខណៈដែលរយៈពេល ៥ ឆ្នាំទៅហើយដែលវិបត្តិកូវីដ១៩បានកន្លងផុត ប៉ុន្តែចំណូលពីការលក់សំបុត្រកុនមិនទាន់អាចត្រលប់មកខ្ពស់ដូចមុនពេលមានជំងឺរាតត្បាតនោះទេ។
កាលពីឆ្នាំ២០២៤ ប្រាក់ចំណូលក្នុងវិស័យភាពយន្តឬ Box Office នៅសហរដ្ឋអាមេរិក និងកាណាដាមានចំនួនសរុប ៨៦០០ លានដុល្លារ បើធៀបនឹងមុនពេលមានជំងឺរាតត្បាតក្នុងឆ្នាំ ២០១៩ ដែលអាចរកបានដល់ ១១ ពាន់លានដុល្លារនោះ គឺនៅតែតិចជាងប្រមាណ ២៥% ។បន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩ ឧស្សាហកម្មភាពយន្តត្រូវបានរំខានម្តងទៀតនៅឆ្នាំ ២០២៣ នៅពេលដែលអ្នកនិពន្ធ និងតារាសម្តែងហូលីវូដនាំគ្នាធ្វើកូដកម្ម។
ក្នុងចំណោមភាពយន្តល្បីៗដែលនឹងបង្ហាញខ្លួនរោងកុននៅឆ្នាំនេះ "Mission: Impossible - The Final Reckoning" គឺជាចំណងជើងដែលមានការរំពឹងទុកខ្ពស់មួយ ខណៈរឿងនេះដែរអាចជាការបង្ហាញខ្លួនចុងក្រោយរបស់ Tom Cruise នៅក្នុងស៊េរីខ្សែភាពយន្ត Action ដែលមានអាយុកាលរាប់ទសវត្សរ៍មួយនេះ។ ភាពយន្តនេះនឹងចេញបញ្ចាំងនៅសហរដ្ឋអាមេរិកក្នុងខែឧសភា ទន្ទឹមគ្នាជាមួយភាពយន្ត Live Action ថ្មីរបស់ Walt Disney រឿង "Lilo & Stitch" ។
ដោយឡែកចំណងជើងធំសម្រាប់ខែមិថុនា គឺភាពយន្តប្រណាំងរថយន្ត Formula One របស់តារាសម្ដែង Brad Pitt រឿង “F1” ខណៈខែកក្កដា នឹងមានភាពយន្ត “Superman” ថ្មីរបស់ផលិតកម្ម Warner Bros ដែលជាស្នាដៃដឹកនាំរបស់ផលិតករឿង “Guardians of the Galaxy” លោក James Gunn និងមានតារាសម្ដែង David Corenswet ជាតួឯក។
សម្រាប់ភាពយន្តបែប Superhero របស់ Marvel នៅឆ្នាំនេះគឺមានពីរចំណងជើងដែរ រួមមាន “Thunderbolts” ដែលត្រៀមចេញបញ្ចាំងនៅដើមខែឧសភា និង “The Fantastic Four” ត្រៀមចេញបញ្ចាំងនៅចុងខែកក្កដា។
សម្រាប់រដូវកាលវិស្សមកាលខែវិច្ឆិកា និងខែធ្នូ ចំណងជើងធំៗរួមមាន ភាពយន្ត "Wicked" វគ្គ២ ភាពយន្ត "Zootopia 2" និងភាពយន្ត "Avatar: Fire and Ash" ដែលជាភាពយន្តទីបីនៅក្នុងស៊េរីរឿង "Avatar" របស់ផលិតករ James Cameron ។
លោក Shawn Robbins ស្ថាបនិកក្រុមហ៊ុនតាមដានចំណូលភាពយន្ត Box Office Theory បានព្យាករថាឆ្នាំ ២០២៥ នឹងបញ្ចប់ជាមួយការកើនឡើងបន្តិចបន្តួចនៃចំណូលភាពយន្តនៅអាមេរិកបើធៀបនឹងឆ្នាំមុន ពោលគឺប្រហែល ៩ ពាន់លានដុល្លារ។ លោកជឿថាភាពយន្ត "Avatar" ថ្មីទាំង ៣ វគ្គនឹងជួយឱ្យវិស័យរោងកុនហូលីវូដមានភាពរុងរឿងយ៉ាងហោចក៏ ៣ ទៅ ៥ឆ្នាំដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន