ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

LV ចេញបកស្រាយក្រោយឈុតរបស់ Lisa នៅ Met Gala រងការរិះគន់ខ្លាំង

០៨ ឧសភា ២០២៥ | កម្សាន្ដ

 

ម៉ាក Louis Vuitton បានចេញសេចក្ដីថ្លែងការណ៍បកស្រាយមួយ បន្ទាប់ពីឈុតរបស់ Lisa ក្រុម BLACKPINK លើកម្រាលព្រំ Met Gala រងការរិះគន់ខ្លាំងដោយសារការប៉ាក់រូបបុគ្គលសំខាន់ក្នុងប្រវត្តិសាស្ត្រលើខោទ្រនាប់។

 


បន្ទាប់ពី LISA បានបង្ហាញខ្លួននៅក្នុងកម្មវិធី Met Gala ឆ្នាំ ២០២៥ ក្នុងឈុតអាវធំជាមួយអាវក្រណាត់ប៉ាក់ដៃវែងនិងឈុតក្នុងបែប Bodysuit របស់ម៉ាក LV ក៏មានអ្នកលេងអ៊ិនធឺណិតជាច្រើនកត់សម្គាល់ឃើញថា រូបប៉ាក់លើឈុតមួយតួខ្លួនរបស់ Lisa នោះគឺជាមុខរបស់អ្នកស្រី Rosa Parks ជាសកម្មជននយោបាយស្បែកខ្មៅដ៏លេចធ្លោម្នាក់។

 

 

ប្រការនេះបាននាំឱ្យមានការជជែកវែកញែក និងការរិះគន់យ៉ាងច្រើនតាមប្រព័ន្ធអនឡាញ ថាវាមិនសមរម្យនោះទេដែលយកមុខរបស់អ្នកស្រីមកដាក់សូម្បីតែនៅលើខោទ្រនាប់បែបនេះ។

 

 

ក្រោយមានការរិះគន់យ៉ាងច្រើន នៅថ្ងៃទី៨ ខែឧសភានេះ ខាងក្រុមហ៊ុន LV ក៏បានចេញមុខបកស្រាយអំពីរឿងរ៉ាវពីក្រោយការច្នៃម៉ូដសម្លៀកបំពាក់របស់ LISA ទៅកាន់កាសែត The New York Times ដោយនិយាយថា មុខមនុស្សនៅលើឈុតនោះមិនមែនជាមុខរបស់អ្នកស្រី Rosa Parks នោះទេ ប៉ុន្តែគឺជារូបអ្នកជិតខាងម្នាក់របស់លោក Henry Taylor ដែលជាអ្នកច្នៃម៉ូដឈុតនេះឡើង។

 

 

សេចក្ដីថ្លែងការណ៍បន្តថា រូបមុខមនុស្សលើឈុតរបស់ Lisa និងស្នាដៃមុនៗជាច្រើនទៀតរបស់លោក Henry ដែលរចនាសម្រាប់ LV គឺសុទ្ធតែគូរចេញពីមនុស្សដែលលោកបានស្គាល់ដូចជាសមាជិកគ្រួសារ មិត្តភ័ក្ដិ និងអ្នកជិតខាងរបស់លោក។

 


ក្រៅពី Lisa សមាជិក BLACKPINK ចំនួន ២រូបទៀតគឺ Jennie និង Rosé ក៏បានបង្ហាញមុខលើកម្រាលព្រំរបស់កម្មវិធី Met Gala ឆ្នាំនេះដែរ។ ខណៈដែល Lisa បានចូលរួមក្នុងនាមអ្នកតំណាងម៉ាក LV, Jennie បានតំណាងឱ្យម៉ាក Channel ចំណែក Rosé គឺជាអ្នកតំណាងឱ្យម៉ាក Saint Laurent។

 

 

ប្រារព្ធឡើងរៀងរាល់មួយឆ្នាំម្ដង កម្មវិធីពិព័រណ៍ម៉ូដ Met Gala គឺជាកម្មវិធីដែលរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់មន្ទីរសិល្បៈ Metropolitan ក្នុងទីក្រុងញូវយ៉ក ដោយតែងរៃអង្គាសប្រាក់បានរាប់សិបលានដុល្លាររាល់ឆ្នាំ ខណៈព្រឹត្តិការណ៍កាលពីឆ្នាំមុនអាចរកចំណូលបានប្រហែល ២៦ លានដុល្លារ។ និពន្ធនាយកទស្សនាវដ្តី Vogue (វ៉ូក) គឺអ្នកស្រី Anna Wintour គឺជាប្រធានរៀបចំក្នុងព្រឹត្តិការណ៍នេះតាំងពីឆ្នាំ ១៩៩៥ មកដល់បច្ចុប្បន្ន ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025