ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ក្រុមហ៊ុន Walt Disney កាលពីថ្ងៃទី៧ ខែឧសភា បានប្រកាសផែនការបើកសួនកម្សាន្ត Disney ថ្មីនៅរដ្ឋធានី Abu Dhabi (អាប៊ុយដាប៊ី) នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងតំបន់ Miral Group។ គម្រោងនេះនឹងក្លាយជាសួនកម្សាន្តខ្នាតធំថ្មីដំបូងរបស់ Disney ក្នុងរយៈពេលជិតមួយទសវត្សរ៍បន្ទាប់ពីបើកដំណើរការសួនកម្សាន្តនៅទីក្រុងសៀងហៃកាលពីឆ្នាំ២០១៦ និងជាសួនកម្សាន្តដំបូងតែម្ដងរបស់ពួកគេនៅមជ្ឈិមបូព៌ា។
សួនកម្សាន្តថ្មីនេះនឹងមានទីតាំងនៅលើកោះ Yas ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមនិងជាទីតាំងរបស់រមណីយដ្ឋានល្បីៗជាច្រើនទៀតដូចជា Warner Bros World Yas Island, SeaWorld Yas Island និង Yas Waterworld Abu Dhabi ។
ក្រុមហ៊ុន Miral បានឱ្យដឹងថា ទីក្រុង Abu Dhabi មានប្រជាជនប្រហែល 2.5 លាននាក់ ប៉ុន្តែកោះ Yas បានកត់ត្រាចំនួនភ្ញៀវទេសចរច្រើនជាង 34 នាក់ក្នុងឆ្នាំ 2023 ដែលកើនឡើង 38% បើធៀបនឹងមួយឆ្នាំមុន។
ត្រូវបានគេស្គាល់ថាជាតំបន់សម្បូរប្រេងស្ដុកស្ដម្ភ ប៉ុន្តែទីក្រុង Abu Dhabi កាលពីឆ្នាំមុនបានប្រកាសពីគម្រោងវិនិយោគជាង 10 ពាន់លានដុល្លារនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដើម្បីពង្រីកអាជីវកម្មទេសចរណ៍របស់ខ្លួន។ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិឌូបៃមានគោលបំណងបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរដល់ 120 លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ 2026 ។
ក្រុមហ៊ុន Disney មិនបានប្រកាសពីកាលបរិច្ឆេទបើកដំណើរការសួនកម្សាន្តថ្មីនេះទេ ខណៈដែលប្រធានផ្នែកបទពិសោធន៍អតិថិជនរបស់ក្រុមហ៊ុននេះគឺលោក Josh D'Amaro បានប្រាប់ថាគម្រោងនេះអាចចំណាយពេលមួយឆ្នាំ ឬពីរឆ្នាំដើម្បីរចនា និងរយៈពេលបួនទៅប្រាំមួយឆ្នាំទៀតក្នុងការសាងសង់។
កាលពីឆ្នាំ 2023 ក្រុមហ៊ុន Disney បានប្រកាសថា ខ្លួននឹងវិនិយោគប្រាក់ចំនួន 60 ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ដើម្បីបង្កើនចំនួននាវាទេសចរណ៍របស់ខ្លួនឱ្យបានទ្វេដង និងវិនិយោគបន្ថែមនៅក្នុងសួនកម្សាន្ត។
នាយកប្រតិបត្តិក្រុមហ៊ុន Miral Group លោក Mohamed Abdalla បាននិយាយថាការបង្កើតសួនកម្សាន្ត Disney នៅកោះ Yas គឺជា "ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ" សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការកសាងកោះនេះឱ្យក្លាយទៅជាគោលដៅទេសចរណ៍ពិភពលោក ៕
ប្រែសម្រួល៖ វ៉ាន់ថន