ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
សត្វខ្លា និងត្រីឆ្លាមព្រមទាំងរូបសត្វផ្សេងៗជាច្រើនទៀតបានហោះហើរនៅពាសពេញផ្ទៃមេឃនៅក្នុងវិធីបុណ្យបង្ហើរខ្លែងនៅប្រទេសចិនដោយបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកពីជុំវិញពិភពលោក។
ខ្លែងជាច្រើនដែលគេបានរចនាឡើងចេញជារូបសត្វផ្សេងៗដ៏រស់រវើកត្រូវបានគេបង្ហើរនៅពាសពេញផ្ទៃមេឃនៅក្នុងទីក្រុងវ៉េហ្វាង (Weifang) របស់ប្រទេសចិនកាលពីខែមេសាកន្លងមកនេះដោយបានទាក់ទាញអ្នកចូលចិត្តការបង្ហើរខ្លែងជាច្រើនមកពីជុំវិញពិភពលោក។
រូបភាពវីដេអូបានបង្ហាញពីមនុស្សម្នាកំពុងបង្ហើរខ្លែងជាច្រើនដែលមានជារូបខ្លា ត្រីឆ្លាម សត្វក្អែប ជ្រូក ដំរី និងរូបសត្វមួយចំនួនទៀតដែលមើលទៅមានភាពរស់រវើក និងទាក់ទាញយ៉ាងខ្លាំងនៅក្នុងឧទ្យានខ្លែងពិភពលោក (World Kite Park)។
ប៉ុន្តែនៅក្នុងចំណោមខ្លែងដែលគេបានបង្ហើរនៅក្នុងឧទ្យាន World Kite Park នេះគឺខ្លែងមួយចំនួនប៉ុណ្ណោះដែលមានទំហំធំជាងគេបំផុតដូចជាខ្លែងរូបត្រីឆ្លាម សត្វជ្រូក និងសត្វខ្លាជាមួយនឹងអង្កត់ផ្ចិត៣០ម៉ែត្រដោយមានការរចនាដ៏គួរឱ្យទាក់ទាញជាទីបំផុត។
ដោយត្រូវបានប្រារព្ធឡើងជាលើកដំបូងតាំងពីឆ្នាំ១៩៨៤មកនោះ ពិធីបុណ្យបង្ហើរខ្លែងអន្តរជាតិវ៉េហ្វាងនៅឆ្នាំនេះបានបើកជាផ្លូវការនៅថ្ងៃទី១៩ ខែមេសាដោយបានទាក់ទាញក្រុមអ្នកបង្ហើរខ្លែងចំនួន២៥៧ក្រុមមកពីប្រទេសចំនួន៥១ប្រទេស។
គេបានជឿថា ខ្លែងត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីជាង២០០០ឆ្នាំមុនមកម្ល៉េះដោយគេបានធ្វើតាមបែបបុរាណចេញពីសម្ភារៈជាក់ស្ដែងមួយចំនួនដូចជាក្រដាសសៀវភៅ សំពត់សូត្រ និងស្លឹករុក្ខជាតិជាដើម៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន