ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥
ល្អាងភ្នំ២កន្លែងដែលជាទីសក្ការៈបូជាចំពោះព្រះពុទ្ធសាសនាស្ថិតនៅតាមបណ្តោយផ្លូវសូត្រសម័យបុរាណនៃតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គើ (Xinjiang Uygur) នៅប្រទេសចិនភាគពាយ័ព្យបានបើកជាសាធារណៈជាលើកដំបូងកាលពីថ្ងៃសៅរ៍។
ការបើកឲ្យភ្ញៀវចូលទស្សនាល្អាងភ្នំសម័យបុរាណនេះធ្វើឡើងនៅអំឡុងបុណ្យឆេងម៉េង (Qingming Festival)។ ល្អាងភ្នំយ៉ាអឺ.ឡេក (Ya'er Lake) ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូស្ថិតនៅទីក្រុងធួផាន (Turpan) ខេត្តស៊ីនជាំង (Xinjiang)។ ទីនេះមានផ្ទាំងគំនូរស្អាតៗ និងសមូហកម្មដទៃទៀតសម្រាប់ភ្ញៀវទស្សនាបន្ទាប់ពីប្រើប្រាស់ពេល១ឆ្នាំដើម្បីជួសជុល និងកែលម្អប្រព័ន្ធឌីជីថល។
ដោយសារពីអតីតកាលជាវត្តអារាមបែបព្រះពុទ្ធសាសនា គេរកឃើញថានៅល្អាងភ្នំទាំងនេះមានល្អាងតូចៗចំនួន២២កន្លែងដែលសាងសង់តាំងពីសតវត្សទី៥នៃគ្រិស្តសករាជ មានគំនូរនៅតាមជញ្ជាំង និងសិលាចារឹកតាមបែបព្រះពុទ្ធសាសនាជាច្រើនភាសារួមទាំងភាសាចិន និងភាសាអ៊ុយហ្គ័រសម័យបុរាណផងដែរ។
ល្អាងភ្នំទាំងនេះមាន២ជាន់។ ជាន់ខាងលើប្រើប្រាស់ជាកន្លែងព្រះសង្ឃធ្វើសមាធិ។ រីឯជាន់ខាងក្រោមប្រើប្រាស់ជាទីសំណាក់។ ល្អាងទី៤ និងល្អាងទី៧ បើកជាសាធារណៈហើយ។ អ្នកទេសចរឈ្មោះក្វាន់ឈីងកឹន (Guan Qinggen) រស់នៅទីក្រុងអ៊ូរ៉ាំឈី (Urumqi) ខេត្តស៊ីនជាំងប្រាប់ថាតាមរយៈការតំណាលប្រាប់ពីមគ្គុទ្ទេសក៍ទេសចរណ៍ ខ្លួនអាចយល់ដឹងពីប្រវត្តិសាស្ត្រសម័យបុរាណ។
តាមរយៈការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ខ្លួនក៏អាចទស្សនាតាមវ៉ែនតាវីអ័រ (VR) ឃើញផ្ទាំងគំនូរនៅតាមជញ្ជាំងល្អាងភ្នំទាំងនេះផងដែរ។ ល្អាងភ្នំទាំងនេះស្ថិតនៅក្នុងស្ថានីយបុរេប្រវត្តិសាស្ត្រជាវហឺ (Jiaohe Ruins)។ នៅទីនេះមានទីក្រុងបុរាណដែលសាងសង់ពីដីឥដ្ឋដ៏ធំជាងគេនៅលើពិភពលោក។
ទីក្រុងនេះនៅរក្សាទ្រង់ទ្រាយដើមបានល្អណាស់ស្ថិតនៅតាមបណ្ដោយផ្លូវសូត្រសម័យបុរាណ និងត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកកាលពីឆ្នាំ២០១៤៕
ប្រែសម្រួល៖ អន សំអាង