ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥
ក្រសួងពាណិជ្ជកម្ម ជំរុញផ្សារទំនើប និងម៉ាតឱ្យដាក់លក់ផលិតផលខ្មែរកាន់តែច្រើន សំដៅបង្កើនការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ឱ្យកាន់តែទូលំទូលាយនៅលើទីផ្សារក្នុងស្រុក។ក្នុងឱកាសរៀបចំកម្មវិធី «ផ្គូផ្គងអាជីវកម្ម ដើម្បីជំរុញផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត នៅឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យផ្សារទំនើប និងម៉ាត នាំយកផលិតផលខ្មែរ ទៅដាក់លក់កាន់តែច្រើន ដើម្បីលើកកម្ពស់ការប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចក្នុងស្រុក ឱ្យសម្បូបែប ក្នុងការរួមចំណែកបង្កើតមុខទំនិញ សេវាកម្ម ការងារ ផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការដៃគូពាណិជ្ជកម្ម តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងផ្សារទំនើប ម៉ាត និងអ្នកផលិត អ្នកផ្គត់ផ្គង់ផលិតផលខ្មែរ ដើម្បីជំរុញការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយនៅលើទីផ្សារក្នុងស្រុក ជាពិសេសការបញ្ជូនទំនិញទៅដាក់លក់ក្នុងក្នុងផ្សារទំនើប និងម៉ាត។លើសពីនេះ មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានណែនាំដល់អ្នកផលិត អ្នកផ្គត់ផ្គង់ផលិតផលខ្មែរ យកចិត្តទុកដាក់លើគុណភាព និងសុវត្ថិភាពដល់ប្រើប្រាស់ ការវេចខ្ចប់ឲ្យបានត្រឹមត្រូវស្របតាមស្តង់ដា និងមានតម្លៃសមរម្យ ដើម្បីមានប្រៀបក្នុងការប្រកួតប្រជែង ទាំងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស។
សូមរំលឹកបន្តិចថា នៅក្នុងសារលិខិតអបអរទិវាជាតិលើក កម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ ដែលនឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ ប្រើប្រាស់ផលិតផលខ្មែរ គឺមោទនភាពជាតិខ្មែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រនិងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែប្រើប្រាស់ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ក៏បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យ ឯកជន បន្តកិច្ចសហការជា មួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរ ឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ សម្បូរបែប កាន់តែមានទំនុកចិត្ត ពីអ្នកប្រើប្រាស់ និងមាន សក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិ និងអន្តរជាតិ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ