ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

និយ័តករធានារ៉ាប់រងកម្ពុជា៖ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា កើនឡើងដល់ ៣៥៧លានដុល្លារ ក្នុងឆ្នាំ ២០២៤

២៥ មេសា ២០២៥ | សេដ្ឋកិច្ច

 

និយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា មានការកើនឡើងដល់ ៣៥៧លានដុល្លារអាម៉េរិក នៃបុព្វលាភធានារ៉ាប់រងដុល ដោយមានទ្រព្យសកម្មសរុបប្រមាណ ១,២ពាន់លានដុល្លារអាម៉េរិក។

 

 

នៅក្នុងវេទិកាចែករំលែកព័ត៌មានអំពី បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា ក្នុងឆ្នាំ ២០២៤ មានការកើនឡើងដល់ ៣៥៧លានដុល្លារអាម៉េរិក នៃបុព្វលាភធានារ៉ាប់រងដុល ដោយមានទ្រព្យសកម្មសរុបប្រមាណ ១,២ពាន់លានដុល្លារអាម៉េរិក។

 


បន្ថែមលើនេះ ឯកឧត្តម បន្តថា ក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១។ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនផ្តល់សេវាគាំទ្រអាជីវកម្មធានារ៉ាប់រងមួយចំនួនផ្សេងទៀត រួមមាន ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ៤០, ក្រុមហ៊ុនជើងសារធានារ៉ាប់រងចំនួន ២០ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន ៤។

 


ឯកឧត្តម ប៊ូ ច័ន្ទភីរូ មានប្រសាសន៍ទៀតថា ទីផ្សារធានារ៉ាប់រងកម្ពុជា មានផលិតផលធានារ៉ាប់រងគ្រប់ប្រភេទ ដូចជា៖ ផលិតផលធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងទ្រព្យសម្បត្តិ, ធានារ៉ាប់រងវិស្វកម្ម, ធានារ៉ាប់រងភារៈទទួលខុសត្រូវជាកាតព្វកិច្ចលើយានយន្ត, ការដឹកជញ្ជូនអ្នកដំណើរ, និងការដ្ឋានជាដើម រហូតដល់មានធានារ៉ាប់រងខ្នាតតូច សម្រាប់ប្រជាពលរដ្ឋ ដែលមានចំណូលទាបផងដែរ។

 


សូមជម្រាបថា ក្នុងឆ្នាំ២០២៤ ប្រសិនបៀបធៀបនឹង ទំហំសេដ្ឋកិច្ចជាតិ ទីផ្សារធានារ៉ាប់រងកម្ពុជា រួមចំណែកតែប្រមាណ ១,១៣% ដោយមនុស្សម្នាក់ៗ ប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណតែជាង ២០ដុល្លារអាម៉េរិកប៉ុណ្ណោះ ដោយ ការណ៍នេះ បានបង្ហាញឱ្យឃើញថា ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅមានកម្រិតទាប បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដែលបណ្តាលមកពីកត្តាមួយ ចំនួនដូចជាកង្វះការយល់ដឹង របស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះទំនុកចិត្តរបស់សាធារណជនមកលើសេវាធានារ៉ាប់រង ខណៈ វិស័យធានារ៉ាប់រងនៅកម្ពុជា នៅមានសក្តានុពលខ្ពស់ក្នុងការរីកចម្រើនទៅមុខទៀត៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឆិល សុភ័ស្ត

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025