ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកមួយកន្លែង ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មីដែលពង្រីកទុនវិនិយោគដល់ទៅ ២៦លានដុល្លារ

២៤ មេសា ២០២៥ | សេដ្ឋកិច្ច

 

ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកមួយកន្លែង បានពង្រីកទុនវិនិយោគ បង្កើនសមត្ថភាពផលិតរថយន្តលើសពី ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ក្នុងទំហំទឹកប្រាក់ប្រមាណ ២៦,៨ លានដុល្លារអាមេរិក។ 

 

 

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford Cambodia នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រុមហ៊ុន FORD របស់សហរដ្ឋអាមេរិក ហ៊ានដាក់ទុនវិនិយោគរាប់លាននៅក្នុងប្រទេសកម្ពុជា ព្រោះគេយល់ឃើញថា កម្ពុជាមានស្ថិរភាព សន្តិភាព ដែលអំណោយផលទៅដល់ការវិនិយោគ។

 


ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ក្រុមហ៊ុន FORD បាននាំចូលគ្រឿងបង្គុំរថយន្តពីក្រៅប្រទេសចូលមកកម្ពុជា ដើម្បីផ្គុំចេញជារថយន្ត ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនឈានដល់កម្រិតផលិតគ្រឿងបង្គុំនៅកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលទាំងស្រុង។ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី មានក្តីសង្ឃឹមថា នៅថ្ងៃអនាគតឧស្សាហកម្មយានយន្តផលិតគ្រឿងបង្គុំនៅកម្ពុជា និងសហការជាមួយក្រុមហ៊ុនផលិតសម្ភារៈបង្គុំក្នុងស្រុក បានកាន់តែច្រើន។ជាមួយគ្នានេះ លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group បានគូសបញ្ជាក់ថា ក្រុមហ៊ុនបានផ្លាស់ប្តូរចង្វាក់ផលិតកម្ម ពីកម្រិតដំឡើង CKD មកកម្រិត IKD-1 ដែលអាចបង្កើនសមត្ថភាព ផលិតរថយន្តលើសពី ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

 

 

លើសពីនេះ ក្រុមហ៊ុនដំឡើងរថយន្ត Ford នៅកម្ពុជាបានបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំថ្មី បន្ថែមមួយទៀត (Sub-Assembly Plant) ដែលអាចផ្ដល់ឱកាសការងារបានជាច្រើនកន្លែង ខណៈក្រុមហ៊ុនបានពង្រីកការវិនិយោគនូវទំហំទឹកប្រាក់ពី ២១ លានដុល្លារអាមេរិក ដល់ ២៦,៨ លានដុល្លារអាមេរិក និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ ហិកតា ដល់ ១២ ហិកតា។គួរជម្រាបថា រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD មានសមត្ថភាពផលិតរថយន្តលើសពី ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ 
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025