ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

តម្លៃប្រេងឆៅសកល បន្តធ្លាក់ចុះ ដោយសារសង្រ្គាមពន្ធរវាងមហាអំណាចសេដ្ឋកិច្ច

២២ មេសា ២០២៥ | សេដ្ឋកិច្ច

 

នៅថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ តម្លៃប្រេងឆៅសកល បានធ្លាក់ចុះប្រមាណ ១,៥% ដោយសារតែ វិនិយោគិន បានផ្តោតជាថ្មីម្តងទៀតលើ ការព្រួយបារម្ភអំពីពន្ធរបស់សហរដ្ឋអាមេរិក លើដៃគូពាណិជ្ជកម្ម ដែលធ្វើឱ្យ ចរន្តសេដ្ឋកិច្ច កាត់បន្ថយកំណើនតម្រូវការប្រេងឥន្ធនៈ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

នៅលើទីផ្សារប្រេងសកល ក្នុងសប្តាហ៍ទី ៣ ខែមេសានេះ តម្លៃប្រេងឆៅ Brent របស់អង់គ្លេស ស្ថិតនៅរង្វង់ ៦៦ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះ ១,៦% ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ស្ថិតនៅចន្លោះ ៦៣ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានការធ្លាក់ចុះប្រមាណ ១,៧%។

 


អ្នកយុទ្ធសាស្រ្តទីផ្សារ IG បានលើកឡើងថា និន្នាការតម្លៃប្រេងសកល នៅតែផ្អៀងទៅរកការធ្លាក់ចុះ ដោយសារអ្នកវិនិយោគ ទន្ទឹងចាំមើលតុល្យភាពរវាងការផ្គត់ផ្គង់និងតម្រូវការដែលរំពឹងថាអាចប្រសើរឡើង ខណៈមានការដំឡើងពន្ធរវាងមហាអំណាចសេដ្ឋកិច្ច និងការកើនឡើងនៃការផ្គត់ផ្គង់ប្រេងពី OPEC+ ដែលដាក់បន្ទុកបន្ថែមទៅលើតម្លៃប្រេង។

 


OPEC+ ដែលជាក្រុមអ្នកផលិតប្រេងធំៗ និងសម្ព័ន្ធមិត្តដូចជារុស្ស៊ី នៅតែត្រូវបានគេរំពឹងថា នឹងបង្កើនការផ្គត់ផ្គង់ ៤សែនបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែឧសភា បើទោះបីជា មានការកាត់បន្ថយខ្លះពីប្រទេស ដែលលើសកូតាកំណត់របស់ពួកគេ។

 


យ៉ាងណាក៏ដោយ ទីផ្សារនៅតែព្រួយបារម្ភអំពី ផលប៉ះពាល់នៃគោលនយោបាយពន្ធរបស់ សហរដ្ឋអាមេរិកដ៏ខ្លាំងក្លា និងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ដែលធ្វើឱ្យទីផ្សារភាគហ៊ុនអាស៊ី និងប្រាក់ដុល្លារ បានធ្លាក់ចុះ នៅថ្ងៃច័ន្ទ។ជាចុងក្រោយ ស្ថាប័ន Goldman Sachs ព្យាករថា តម្លៃប្រេងឆៅទាំង ២ខាងលើ អាចមានតម្លៃប្រហាក់ប្រហែល ៥៨ដុល្លារ ដល់ ៦២ដុល្លារ ក្នុងមួយបារ៉ែល នៅត្រឹមខែធ្នូ ឆ្នាំ ២០២៥ ហើយតម្លៃនេះ នឹងថយចុះដល់ ៥១ដុល្លារ ដល់ ៥៥ដុល្លារ នៅខែធ្នូ ឆ្នាំ ២០២៦៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025