ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
នៅថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងសម្ពោធព្រលានយន្តហោះថ្មី នៅខែកក្កដា ឆ្នាំ ២០២៥នេះ។ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេច នឹងចូលរួមសម្ពោធព្រលានយន្តហោះថ្មី នៅរាជធានីភ្នំពេញ នៅខែកក្កដា ឆ្នាំ ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការវិនិយោគលើ ព្រលានយន្តហោះអន្តរជាតិតេជោថ្មី គឺជាការវិនិយោគ ដោយប្រើប្រាស់ឥណទានរបស់វិស័យឯកជន ដែលមានការចូលរួមពី ក្រុមហ៊ុនអង់គ្លេស អាមេរិក សិង្ហបុរី បារាំង ពោលគឺ កម្ពុជា ស្វាគមន៍ការវិនិយោគពីគ្រប់បណ្តាប្រទេសទាំងអស់ ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការនៅខែកក្កដា ខាងមុខនេះ។
ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២.៦០០ហិកតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ញិល សុជា