ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

ក្រសួងឧស្សាហកម្ម និងធនាគារជាតិនៃកម្ពុជា រួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាពដល់ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

២៤ មេសា ២០២៥ | សេដ្ឋកិច្ច

 

នាឱកាសសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ឱ្យដឹងថា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេស ផ្តោតទៅលើចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់សាច់ប្រាក់ និងរបៀបគ្រប់គ្រងសាច់ប្រាក់ ដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការគិតគូរពង្រីកមុខរបរ អាជីវកម្ម ដោយមានមូលដ្ឋានចំណេះដឹងទាំងនេះឱ្យបានច្បាស់លាស់។

 


ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សមត្ថភាពពាក់ព័ន្ធនឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាព ដល់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិតជាសំខាន់ណាស់ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។

 


លោកជំទាវបណ្ឌិត បន្តថា យោងតាមទិន្នន័យរបស់ World Economic បង្ហាញថា សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានចំណែកប្រមាណ ៤៩% នៃផលិតផលក្នុងស្រុកសរុប ដែលបានផ្ដល់ការងារដល់ប្រជាជន ទ្រទ្រង់អាជីវកម្មខ្នាតតូច និងជួយរក្សានូវ ចរាចរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច។ទោះបីជាយ៉ាងនេះក៏ដោយ អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួបបញ្ហាប្រឈមជាច្រើន រួមមាន កង្វះខាតក្នុងការទទួលបានសេវាហិរញ្ញវត្ថុ កង្វះខាតការគាំពារ និងការប្រឈមនឹងភាពងាយរងគ្រោះនានា ពិសេសនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ ឬក្នុងពេលមានវិបត្តិ ជាដើម។

 


ដូច្នេះហើយ ដើម្បីលើកកម្ពស់ និងជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យដំណើរការប្រកបដោយសក្ដានុពល រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យដំណើរការយុទ្ធសាស្ត្រជាតិស្ដីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ហើយការជំរុញ និងលើកទឹកចិត្តឱ្យ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលក្នុងវិស័យផ្លូវការ តាមរយៈការចុះឈ្មោះ គឺផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកប្រកបអាជីវកម្មនិងធ្វើការងារ ក្នុងការទទួលបាននូវការការពារតាមផ្លូវច្បាប់ ការទទួលបានហិរញ្ញប្បទាន និងការប្រើប្រាស់នូវ សេវាហិរញ្ញវត្ថុផ្លូវការ ការលើកទឹកចិត្តផ្នែកពន្ធដារ និងការបណ្ដុះបណ្ដាលជំនាញ ជាដើម៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025