ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
មន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលថៃ បានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងរងផលប៉ះពាល់ដោយ ពន្ធគយរបស់សហរដ្ឋអាមេរិក លើការនាំចេញរបស់ខ្លួន ទោះបីជាផលប៉ះពាល់នេះ មិនខ្លាំងដូចអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។ជំនួយការទេសាភិបាលនៃក្រុមគោលនយោបាយរូបិយវត្ថុរបស់ ធនាគារកណ្តាលថៃ បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងរងផលប៉ះពាល់ដោយ ពន្ធគយរបស់សហរដ្ឋអាមេរិក ដោយផលប៉ះពាល់នេះ ត្រូវបានគេរំពឹងថា នឹងអូសបន្លាយរយៈពេលវែង។
មន្រ្តីនៃធនាគារកណ្តាលថៃ បានប្រាប់សន្និសីទសារព័ត៌មានមួយថា ពន្ធរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យមានការជាប់គាំងផលិតកម្មមួយចំនួន និងការពន្យារពេលសម្រេចចិត្តវិនិយោគ ហើយឥទ្ធិពលទៅលើការនាំចេញរបស់ប្រទេសថៃ នឹងត្រូវមើលឃើញច្បាស់ នៅក្នុងឆមាសទី ២ នៃឆ្នាំនេះ។លើសពីនេះ មុនពេលសហរដ្ឋអាមេរិក បានប្រកាសពន្ធ ៣៦% លើការនាំចូលរបស់ថៃ គឺថៃបានព្យាករណ៍កំណើន GDP លើសពី ២,៥% សម្រាប់ឆ្នាំនេះ ប៉ុន្តែដោយសារផលប៉ះពាល់នៃពន្ធគយនេះ កំណើនសេដ្ឋកិច្ចថៃ ត្រូវបានគេរំពឹងថា នឹងទាបជាង ២,៥%។
យ៉ាងណាក៏ដោយ ធនាគារកណ្តាលថៃ បានអះអាងថា ផលប៉ះពាល់ នឹងមិនតូចទេ ប៉ុន្តែវានឹងមិនធ្ងន់ធ្ងរដូចអំឡុងពេល កូវីដ១៩ឡើយ ប៉ុន្តែ ពន្ធគយរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ដល់ប្រទេសថៃ តាមរយៈបណ្តាញសំខាន់ៗចំនួន ៥ គឺ ទីផ្សារហិរញ្ញវត្ថុ ការវិនិយោគ ការនាំចេញ ការកើនឡើងនៃការប្រកួតប្រជែង និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកដែលមានសក្តានុពល។
សូមជម្រាបថា ធនាគារកណ្តាលថៃ ព្យាករថាកំណើននៃការនាំចេញ នឹងសម្រេចពី ២ ទៅ ៣% នៅឆ្នាំនេះ ដោយសារឥទ្ធិពលរបស់ពន្ធគយអាមេរិក ទំនងជានឹងប៉ះពាល់ខ្លាំងនៅឆ្នាំក្រោយ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ