ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
ទោះមមាញឹកខ្លាំងលើការរៀបចំខ្លួន និងការហ្វឹកហាត់ផ្សេងៗក្ដី ក៏កញ្ញា ហ្សូលីយ៉ា រ៉ូសស្យែល Miss World Cambodia 2025 បានធ្វើរឿងដ៏គួរឱ្យចាប់អារម្មណ៍ជាមួយសិស្សានុសិស្ស ដើម្បីបានជាដើមទុនបោះជំហានចូលឆាកអន្តរជាតិ។
នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលដែល កញ្ញា ហ្សូលីយ៉ា រ៉ូសស្យែល Miss World Cambodia 2025 ត្រូវអូសវ៉ាលីចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេស ឥណ្ឌា ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Miss World លើកទី៧២ ដែលនឹងរៀបចំឡើង ចាប់ពីថ្ងៃទី៧-៣១ ខែឧសភា ឆ្នាំ២០២៥។
យ៉ាងណាមុនការប្រកួតថ្នាក់អន្តរជាតិមកដល់ បវរកញ្ញាកូនកាត់រូបនេះ បានការងារសប្បុរសធម៌ជាមួយសិស្សានុស្សិស្ស ដែលជាចំណែកមួយនៃគម្រោង «Reading with Julia» ដែលនាងបានបង្កើតជាយូរមកហើយដើម្បីជំរុញការអាននៅកម្ពុជា ហើយគម្រោងនេះក៏ត្រៀមយកទៅប្រកួតក្នុងវគ្គ Beauty with the Purpose ក្នុងកម្មវិធី Miss World 2025 នេះតែម្ដង។
បច្ចុប្បន្ន ហ្សូលីយ៉ា រ៉ូសស្យែល កំពុងប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាព និងការត្រៀមខ្លួនផ្សេងៗទៀត។ អ្វីដែលគួរឱ្យស្ងើចសរសើរ ទោះមមាញឹកខ្លាំងជាមួយការត្រៀមខ្លួន ក៏បវរកញ្ញាតំណាងកម្ពុជារូបនេះនៅតែឆ្លៀតពេលចូលរួមធ្វើការងារសប្បុរសធម៌តាមដែលអាចធ្វើបាន។
តួយ៉ាង កាលពីថ្ងៃទី២២ ខែមេសា កន្លងទៅ កូនកាត់ខ្មែរ-អង់គ្លេស ហ្សូលីយ៉ា រ៉ូសស្យែល Miss World Cambodia 2025 បានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលក្នុង «កម្មវិធីសួរសុខទុក្ខពីប៉ាម៉ានី» នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអង្គតាព្រះ មានទីតាំងស្ថិតនៅ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បវរកញ្ញាវ័យរូបនេះបានបង្ហាញក្ដី រំភើបចិត្តបានចូលរួមកម្មវិធីខាងលើ និងបានបង្កើតក្តីស្រលាញ់ជាមួយប្អូនៗកុមាររាប់រយនាក់តាមរយៈសកម្មភាពផ្សេងៗដែលក្រុមការងារបានរៀបចំឡើងដូចជា ការកៀបដង្កៀបចម្រុះពណ៌ឱ្យក្មេងៗ ការជជែកលេងសួរសុខទុក្ខ ការអានសៀវភៅ និងការថតរូបអនុស្សាវរីយ៍ជាមួយប្អូនៗថែមទៀតផង។
ក្រៅពីស្នាមញញឹមដ៏កក់ក្តៅរបស់ប្អូនៗកុមារទាំង ៨០៧នាក់ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអង្គតាព្រះ ហ្សូលីយ៉ា ទទួលបានភាពកក់ក្តៅខ្លាំងមែនទែនពីក្រុមការងារកម្មវិធីសួរសុខទុក្ខពីប៉ាម៉ានី ហើយប្រសិនមានឱកាសនាងនឹងបន្តចូលរួមកម្មវិធីសប្បុរសធម៌បន្តបន្ទាប់ឱ្យច្រើនតាមដែលអាចធ្វើទៅបាន។
Miss World Cambodia 2025 សង្ឃឹមថា ពុកម៉ែបងប្អូននឹងបន្តតាមដានសកម្មភាពថ្មីៗរបស់នាងក្នុងដំណើរឆ្ពោះទៅរកការប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗនេះ។ សម្រាប់សកម្មភាពថ្មីៗលោកអ្នកអាចតាមដានលើទំព័រហ្វេសប៊ុកផ្លូវការ Miss World Cambodia ឬ Julia Russell - រ៉ូសស្យែល ហ្សូលីយ៉ា ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ