ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ទោះបីជាជីវិតពើបប្រទះតែរឿងជំងឺកាចសាហាវ និងគម្រាមដល់អាយុជីវិតដូចជាជំងឺមហារីក និងជំងឺសឹកក្បាលឆ្អឹងត្រគៀករហូតឈានដល់ការវះកាត់ក្ដី តែតារាសម្តែង អេង វ៉ាណង នៅតែប្រឹងប្រែងរស់និងតស៊ូជាមួយជំងឺទាំងនោះដើម្បីមើលថែកូនៗទាំង៣ ។
ទើបតែជាពីជំងឺមហារីកសុដន់មិនបានប៉ុន្មានផងដែរ ស្រាប់តែថ្មីៗនេះតារាសម្តែង អេង វ៉ាណង ជួបប្រទះជំងឺថ្មីមួយទៀតគឺជំងឺសឹកក្បាលឆ្អឹងត្រគៀក ដោយបានចំណាយថវិការមិនតិចជាងខ្ទង់បួនម៉ឺនដុល្លារដើម្បីវះកាត់ជំងឺនេះ ។
តារាសម្តែងរូបនេះ ជួបរឿងមិនល្អផ្ទួនៗគ្នាក្នុងជីវិត តែទោះជាយ៉ាងណានាងប្រឹងតស៊ូរស់ដើម្បីកូនៗទាំង៣នាក់របស់ខ្លួន ជាក់ស្តែងកាលពីប៉ុន្មានខែមុនតារាសម្តែង អេង វ៉ាណង ដើរសឹងតែមិនត្រង់ផ្លូវពេលដែលនាងទៅថតភាពយន្ត និងថតកម្មវិធីផ្សេងៗ គឺនាងប្រឹងប្រែងទៅថតទាំងខ្លួនឯងឈឺ។
ជួបជាមួយអ្នកនាង កាលពីពេលថ្មីៗនេះនាងបានប្រាប់ថា មួយរយៈពេលមុននាងមានជំងឺថ្មីមួយទៀតដែលហៅថាជំងឺសឹកក្បាលឆ្អឹងត្រគៀក ពេទ្យតម្រូវឱ្យនាងធ្វើការវះកាត់ ។
ស្ថានភាពជើងរបស់តារាសម្តែង អេង វ៉ាណង នាពេលនេះបានល្អប្រសើរច្រើនហើយប៉ុន្តែនាងមិនអាចធ្វើការងារអ្វីដែលធ្ងន់លើសកម្លាំងឡើយ ។ ការចំណាយក្នុងការវះកាត់លើកនេះគឺអស់ខ្ទង់បួនម៉ឺនដុល្លារ ដែលជាចំនួនច្រើនណាស់សម្រាប់នាង ។ ដូចមហាជនបានជ្រាបច្បាស់ហើយថា តារាសម្តែង អេង វ៉ាណង បានរស់នៅជាមួយជំងឺមហារីកសុដន់អស់ពេល ២ ឆ្នាំ និងបានបាញ់គីមីចំនួន ៨ ដង រហូតព្យាបាលជាដាច់និងមានសុខភាពល្អមកដល់សព្វថ្ងៃនេះ ។
ពេលនេះនាងស្រាប់តែមានជំងឺសឹក្បាលឆ្អឹងត្រគៀកមួយទៀត ធ្វើឱ្យជីវិតនាងកាន់តែលំបាក តែទោះជាយ៉ាងនាងប្រឹងប្រែងរស់ ដើម្បីធ្វើការងារនិងទទួលបានប្រាក់ចំណូលខ្លះចិញ្ចឹមខ្លួន និងកូនទាំង ៣ នាក់ ។ នាងថា រស់នៅជាស្រ្តីមេម៉ាយចិញឹមកូន ៣ នាក់ក្នុងបន្ទុកមិនមែនជារឿងងាយស្រួលទេ តែសម្រាប់នាងមិនដែលត្អូញពាក្យថាហត់នឿយនោះទេ ព្រោះនាងចង់ឱ្យកូនៗបានចូលសាលារៀនត្រឹមត្រូវនិងគេ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច