ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
តារាសម្តែងរូបស្រស់ កញ្ញា មួកតា ម៉ាតថាណា ហៅ អូនមួកតា ថ្មីៗនេះទើបតែបង្ហាញខ្លួនក្នុងកម្មវិធីសង្ក្រាន្តមួយកន្លែងយ៉ាងភ្ញាក់ផ្អើល ក្រោយតារាស្រីរូបនេះបាត់ខ្លួនឈឹងពីវិស័យសិល្បៈអស់រយៈពេលជាង ៤ឆ្នាំកន្លងមក។
ជួបផ្ទាល់ជាមួយអ្នកសារព័ត៌មានកម្មវិធីជីវិតកម្សាន្តភីអិនអិន កាលពីពេលថ្មីៗ មួកតា ទទួលស្គាល់ថា នាងពិតជាបានបាត់ខ្លួនទាំងស្រុងពីវិស័យសិល្បៈពិតមែន ហើយមូលហេតុនៃការបាត់ខ្លួននេះ គឺដោយសារបញ្ហាសុខភាព និងការជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរបណ្តាលឱ្យឡើងគីឡូខ្លាំងមិនអាចគ្រប់គ្រងបាន។
ស្រីស្អាត មួកតា ម៉ាតថាណា ថា នាងចំណាយពេលច្រើនគួរសមទម្រាំអាចទាញខ្លួនឯងចេញវិបត្តិដ៏ធំនេះបាន។ កត្តាធំបំផុតនោះគឺ មនុស្សជុំវិញខ្លួន និងខ្លួនឯងដែលហ៊ានជម្នះនឹងជំងឺនេះ។
ពេលនេះ តារាសម្តែងកូនកាត់ខ្មែរ-ឥណ្ឌារូបនេះបានជាសះស្បើយច្រើនពីវិបត្តិផ្លូវចិត្ត ហើយនាងសម្រេចចិត្តថា វិលចូលបម្រើវិស័យសិល្បៈវិញ ដូច្នេះសង្ឃឹមថា បណ្តាផលិតករ និងម្ចាស់ក្រុមហ៊ុនផ្សេងៗផ្តល់ឱកាសឱ្យនាងបានកសាងស្នាដៃសិល្បៈឡើងវិញ ព្រោះនាងនៅតែស្រលាញ់ហើយចង់បន្តធ្វើការងារទាំងនេះបន្តទៀត៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក