ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

Sooyoung ក្រុម Girls’ Generation ត្រៀមលេចមុខនៅហូលីវូដដំបូងក្នុងរឿង “John Wick”

២៥ មេសា ២០២៥ | កម្សាន្ដ

សមាជិកក្រុម Girls' Generation, Sooyoung នឹងបង្ហាញមុខក្នុងភាពយន្តហូលីវូដជាលើកដំបូងក្នុងរឿង “From the World of John Wick: Ballerina” ជារឿងថ្មីក្នុងសែស្រលាយភាពយន្តឃាតកដៃឆៅ John Wick។

 


តារាសម្តែងកូរ៉េខាងត្បូង និងជាសមាជិកក្រុម Girls' Generation, Sooyoung នឹងឈានជើងចូលប្រឡូកក្នុងវិស័យកុនហូលីវូដជាលើកដំបូងក្នុងភាពយន្ត “Ballerina” ដែលជារឿងថ្មីក្នុងសែស្រលាយភាពយន្តឃាតកដៃឆៅ John Wick ។

 


មានសាច់រឿងស្ថិតនៅចន្លោះព្រឹត្តិការណ៍នៃភាពយន្ត John Wick វគ្គ ៣ និងវគ្គ ៤ ភាពយន្ត Ballerina ចូលរួមសម្តែងដោយតារាស្រី Ana de Armas ជាតួឯកឈ្មោះ Eve Macarro ជាឃាតកស្រីដែលទទួលបានការបណ្តុះបណ្តាលតាំងពីនៅជាកុមារីដើម្បីតាមសងសឹក ក្រោយការស្លាប់របស់ឪពុកនាង។ តួអង្គស្រីរូបនេះធ្លាប់ចេញមុខម្ដងហើយក្នុងភាពយន្ត “John Wick” វគ្គ៣មានចំណងជើងថា “Parabellum”។

 


ដោយឡែក Sooyoung ក្នុងរឿងនេះនឹងសម្ដែងជាតួអង្គម្នាក់ដែលតួឯកស្រីខាងលើត្រូវជួយសង្គ្រោះសម្រាប់បេសកកម្មដំបូងរបស់នាង។ ទន្ទឹមនឹងតួអង្គថ្មីៗជាច្រើន តារាសម្ដែងត Keanu Reeves ដែលសម្ដែងជាតួអង្គឃាតកល្បីឈ្មោះ John Wick ក៏នឹងបង្ហាញមុខក្នុងភាពយន្តវគ្គថ្មីដែលគ្រោងនឹងចេញបញ្ចាំងនៅដើមខែមិថុនា ខាងមុខនេះដែរ។

 


ដូចគ្នានឹងសមាជិកផ្សេងក្នុងក្រុម Girls' Generation រួមមាន Yuri, Yoona និង Seohyun ដែរ Sooyoung គឺជាតារា K-pop មួយរូបដែលបានផ្លាស់ប្តូរជាតារាសម្តែងបានដោយជោគជ័យ។

 

 

តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ជាច្រើន ហើយថែមទាំងទទួលបានពានរង្វាន់ជាតួឯកស្រីឆ្នើមចំនួន ២ សម្រាប់ការសម្ដែងនៅក្នុងរឿង My Spring Days ឆ្នាំ ២០១៤ ។ស្នាដៃសម្ដែងថ្មីមួយទៀតរបស់នាងគឺរឿងភាគមនោសញ្ចេតនាបែបកំប្លែង “Second Shot At Love” ដែលត្រៀមចាក់ផ្សាយនៅថ្ងៃទី ១២ ខែឧសភាខាងមុខ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025